រថយន្តក្រុងក្រុមហ៊ុនរិទ្ធិមុនី បើកកិនក្បាលក្មេងប្រុសម្នាក់ធ្លាយខួរស្លាប់
Cambodia News
សៀមរាប ៖ កាលពីម៉ោង ១៣ និង ១៥ នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធិមុនី បុកហើយកិន បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្សារអង្គ្រង ស្ថិតក្នុងភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់នោះមានឈ្មោះ វង់ កាំឆូយ អាយុ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុង ពណ៌ក្រហមមួយគ្រឿងរបស់ក្រុមហ៊ុនរិទ្ធិមុនី ពាក់ស្លាកលេខ ភ្នំពេញ 3A-8342 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីក្រុងភ្នំពេញឆ្ពោះទៅខេត្តសៀមរាប លុះទៅដល់ចំណុចកើតហេតុ ក៏បោះពួយទៅបុកហើយកិនក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យធ្លាយខួរស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយពេលកើតហេតុភ្លាម អ្នកបើកបររថយន្តក្រុងរត់គេចខ្លួនបាត់ រីឯរថយន្តក្រុងត្រូវនគរបាលស្រុកប្រាសាទបាគង យកទៅរក្សាទុកដើម្បីចាត់ការបន្ត៕