គុណសម្បត្តិ និងគុណវិបត្ត ការផ្សព្វផ្សាយ ព័ត៌មានក្នុងបណ្តាញសង្គម Facebook
Cambodia News
បាត់ដំបង ៖ថ្លែងនៅក្នុងកម្មវិធីសន្ទនាមតិពន្លឺមូលដ្ឋាន របស់វិទ្យុជាតិ ចំការចេក FM 92.70 Mhz បាត់ដំបង នាព្រឹកថ្ងៃទី២៣ ឧសភា នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយព័ត៌មានទូទៅ ក្នុងបណ្តាញផ្សព្វផ្សាយ ព័ត៌មានសង្គម(Facebook) គឺមានគុណសម្បត្តិ ដល់សង្គមផង និងក៏មានគុណវិបត្តិដល់ សង្គមដែរ។

លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ ក្នុងឱកាសផ្សាយបន្តផ្ទាល់ផងដែរ ក្នុងប្រធាន បទយើង ថ្ងៃនេះគឺចង់និយាយ ពីការផ្សព្វផ្សាយព័ត៌មាន បណ្តាញសង្គម(Facebook) កន្លងមក គឺពេលខ្លះវា គ្រាន់ តែជាដំណឹងមួយ ដែលពុំមានអ្នកទទួលខុសត្រូវ លើព័ត៌មានដែលអ្នកទាំងនោះ បានបញ្ចូលតាមរយៈ(Facebook) ឡើយ ហើយពេលខ្លះ ទាំងខ្លឹមសារ និងរូបភាពមិនសមរម្យ និងនិយាយបំភ្លើស ធ្វើឲ្យមានការប៉ះពាល់ ដល់សិទ្ធិបុគ្គលថែមទៀតផង ។ ចំពោះរឿងខ្លះ ក៏អាចឲ្យយើង ទទួលព័ត៌មានល្អ និងអាចជួយដល់ជនរងគ្រោះ បានទាន់ពេលវេលាតាមរយៈ (Face book) ផងដែរ ។
លោក ខៀវ កាញារីទ្ធ បានបន្តថា ជាទូទៅដំណឹងតាមរយៈ (Face book) វាពុំមែនជាព័ត៌មានទេ វាគឺជាដំណឹង បើមានការប៉ះពាល់ដល់សិទ្ធិបុគ្គល និងមានភស្តុតាង គ្រាប់គ្រាន់ ដែលគេអាចប្តឹងទៅតាមផ្លូវច្បាប់បាន ហើយគេហទំព័រ(Facebook) នេះក្រសួងព័ត៌មាន ក៏ដូចជា រាជរដ្ឋាភិបាលផងដែរ គឺគ្មានសិទ្ធិបិទ មិនឲ្យប្រិយមិត្តទូទៅឈប់ប្រើប្រាស់នោះទេ ៕