ក្មេងស្រី ដែលទូរសព្ទកុហកវិទ្យុABC នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញនាពេលឆាប់ៗនេះ
Cambodia News
ព្រះសីហនុ៖ តាមការឲ្យដឹងពីមន្ត្រីតុលាការខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ សាលាដំបូងគ្រោងនឹងធ្វើការដោះលែងក្មេងស្រី ដែលទូរសព្ទប្តឹងទៅប៉ុស្តិ៍វិទ្យុអេប៊ីស៊ី(ABC)កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ ឲ្យមានសេរីភាពវិញនៅពេលឆាប់ៗនេះហើយ។
គិតមកដល់ថ្ងៃទី២៣ ខែឧសភានេះ ក្មេងស្រីខាងលើ ឈ្មោះ អែម ស្រីវីន អាយុ១៥ឆ្នាំ នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានជាប់ពន្ធនាគារ អស់រយៈពេល១១ថ្ងៃហើយ។ ការអនុវត្តន៍ទោសអស់ជាច្រើនថ្ងៃក្នុងពន្ធនាគារ ចំពោះក្មេងស្រីដែលជាអនីតិជនខាងលើនេះ វាសមល្មមសម្រាប់ទោសកំហុស ដែលខ្លួននាងបានសាងហើយ។
មន្ត្រីតុលាការខេត្តដដែលបានឲ្យដឹងទៀតថា ក្មេងស្រីម្នាក់នេះ ជាប់ចោទពីបទនិយាយកុហកប្រាប់សមត្ថកិច្ច និងផ្សាយព័ត៌មានមិនពិត ជាប់ចោទក្នុងបទល្មើសមជ្ឈិម។ បទល្មើសនេះ បើជនសង្ស័យមានអាយុចាប់ពី១៧ឆ្នាំឡើងទៅ អាចជាប់ពន្ធនាគារពី៦ខែ ដល់៥ឆ្នាំ តែក្នុងករណីខាងលើនេះក្មេងស្រីស្ថិតក្នុងវ័យអនីតិជន ដូច្នេះរូបនាងនឹងត្រូវតុលាការសម្រាលទោសឲ្យបានតិចបំផុត៕