នាយករដ្ឋមន្រ្តី​ចិន​សន្យា​ពង្រឹង​ភាព​ជាដៃគូ​ជាមួយ​ប៉ាគីស្ថាន

លោក​នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង បានបញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​បាន​​មកដល់​ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​ពុធ​នេះ នៅ​ក្នុង​ក្របខ័ណ្ឌ​​ដំណើរទស្សនកិច្ច​ក្រៅ ប្រទេស​លើកទី១ ចាប់តាំងពីលោក​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ចិន។ នៅពេលមកដល់​ប៉ាគីស្ថាន លោក​លី ខឺឈាំង បាន​ថ្លែង​ថា គោលដៅ​នៃ​ដំណើរទស្សនកិច្ច​របស់​លោក នៅប៉ាគីស្ថាន​នេះ គឺ​ដើម្បី​​ពង្រឹង​ភាព​ជាដៃគូ​ជាមួយ​ប៉ាគីស្ថាន។ ប៉ាគីស្ថាន ដែល​ជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ​របស់​ចិន ប៉ុន្តែ ជា​សត្រូវ​របស់​ឥណ្ឌា។

នៅក្នុងដំណើរទស្សនកិច្ច​រយៈពេល ២ថ្ងៃនេះ លោក​លី ខឺឈាំង នឹង​ត្រូវ​ជួប​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​ប៉ាគីស្ថាន ដែល​រួមមាន ​ប្រធានាធិបតី ​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ ព្រមទាំង​អនាគត​នាយករដ្ឋមន្រ្តី​ គឺ​លោក Nawaz Sharif ដែល​ទើប​នឹង​ជាប់ឆ្នោត។

ពេល​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​អ៊ីស្លាម៉ាបាដ លោក​លី ខឺឈាំង ត្រូវ​បាន​ទទួលស្វាគមន៍​ដោយ​ផ្ទាល់ ដោយ​លោក​ប្រធានាធិបតី អាលី ហ្សារដារី (Ali Zardari)។ លោក​លី ខឺឈាំង​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ នៅ​ពេល​មក​ដល់​ប៉ាគីស្ថាន​នេះ​ថា ចិន​នឹង​ពង្រឹង​ភាព​ជាដៃគូ​ជា​យុទ្ធសាស្រ្ត​ជាមួយ​នឹង​ប៉ាគីស្ថាន នៅ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ហើយ​ថា ការជជែក​អំពី​យុទ្ធសាស្រ្ត ដើម្បី​ពង្រឹង​ភាព​ជាដៃគូ​ជាយុទ្ធសាស្រ្តនេះ​ហើយ ដែល​ជា​គោលដៅ​ចម្បង នៃ​ដំណើរទស្សនកិច្ច​របស់​លោក​មក​កាន់​ប៉ាគីស្ថាន នៅពេលនេះ។

ថ្វីដ្បិត​តែ​លោក​នាយករដ្ឋមន្រ្តី​ចិន​មិនបាន​បញ្ជាក់​លម្អិត​អំពី​សំណុំរឿង ដែល​លោក​នឹង​ជជែក​ជាមួយ​មេដឹកនាំ​ប៉ាគីស្ថាន ក៏ប៉ុន្តែ គេរំពឹង​ថា សំណុំរឿង​មួយ ដែល​មាន​សារៈសំខាន់ ហើយ​ដែល​មិន​អាច​ចៀសបាន គឺ​ទំនាក់ទំនង​ពាណិជ្ជកម្ម។ ការដោះដូរ​ពាណិជ្ជកម្ម​ រវាង​ចិន និង​ប៉ាគី ស្ថាន កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ មាន​ទំហំ​ជាទឹកប្រាក់ ១២ពាន់លាន​ដុល្លារ ហើយ​ប្រទេស​ទាំងពីរ​គ្រោង​នឹង​បង្កើន​​ទំហំ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ ទ្វេភាគីនេះ​ឲ្យ​បាន​ដល់​ ១៥ពាន់ លាន​ដុល្លារ នៅ​ក្នុងរយៈពេល ៣ឆ្នាំ​ខាងមុខ។

សម្រាប់​ប៉ាគីស្ថាន ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច ការ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជ កម្ម​ជាមួយនឹង​ចិន គឺ​ជា​រឿង​ដ៏​មាន​សារៈសំខាន់​បំផុត។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​ នៅ​ក្នុង​ដំណើរទស្សនកិច្ច​របស់​លោក លី ខឺឈាំង មកកាន់​​ប៉ាគី ស្ថាន នៅពេលនេះ គឺ​ធ្វើឡើង នៅ​ក្នុង​ពេល ដែល​​រដ្ឋាភិបាល​ចាស់​ប៉ាគីស្ថាន​ត្រូវ​​ផុតអាណត្តិ ហើយ​នាយករដ្ឋមន្រ្តី​ថ្មី នៅមិនទាន់​ចូល​កាន់​តំណែង។ ជាទូទៅ គេ​សង្កេតឃើញ​ថា ប្រមុខដឹកនាំ​បរទេស​កម្រ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេសមួយ ដែល​​​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អន្តរកាល​បែបនេះ​ណាស់។ ក៏ប៉ុន្តែ លោក​លី ខឺឈាំង ដែល​ទើប​នឹង​បញ្ចប់​ដំណើរទស្សនកិច្ច​ នៅ​ក្នុង​ប្រទេស​ឥណ្ឌានោះ ពិបាក​នឹង​រំលង​ប្រទេស​ប៉ាគីស្ថាន​ណាស់ ពីព្រោះ​ថា ប៉ាគីស្ថាន គឺ​ជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ​របស់​ចិន ហើយ​ជា​សត្រូវ​ដ៏ធំ​របស់​ឥណ្ឌា។

គួរបញ្ជាក់ថា នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរទស្សនកិច្ច ទៅក្រៅប្រទេស​ជាលើកទី១​របស់​លោក​នៅពេលនេះ លោក លី ខឺឈាំង ទៅ​ប្រទេស​ឥណ្ឌា និង​​ប៉ាគីស្ថាន​ បន្ទាប់មក លោក​នឹង​ត្រូវ​បន្ត​ដំណើរ​មក​តំបន់​អឺរ៉ុប គឺ​ទៅ​ប្រទេស​ស្វ៊ីស និង​អាល្លឺម៉ង់៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close