ជារៀងរាល់ឆ្នាំប្រជាជន​ជិតមួយម៉ឺននាក់ស្លាប់​ដោយសារជំងឺរបេង

យោង​តាម​មន្ត្រី​សុខភាព​នៃ​អង្គការ​អន្តរជាតិ​មួយ​ដែល​ធ្វើ​សកម្មភាព​លើ​វិស័យ​ សុខភាព​បាន​អះអាងថា​ ជា​រៀងរាល់ឆ្នាំ​ប្រជាជន​កម្ពុជា​ចំនួន​៩.០០០​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺរបេង​។ ហើយ​​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ស្ថិតក្នុង​ចំណោម​ ប្រទេស​ចំនួន​២២​លើ​ពិភពលោក​ដែលមាន​ជំងឺរបេង​ធ្ងន់ធ្ងរ​ជាងគេ​។​

លោកស្រី​វេជ្ជបណ្ឌិត​ម៉ូ​នី​ក មូ​សូ​ហ្វ​( Monique Mosoft) ប្រធានការិយាល័យ​សុខភាព សាធារណៈ​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់ ​កិច្ចអភិវឌ្ឍន៍​អន្តរជាតិ​(USAID)​ប្រចាំ​កម្ពុជា​បាន​និយាយ​កាលពី​ចុង​ មីនា​កន្លងមក​ថា​ ទោះជា​យ៉ាងណា​កម្ពុជា​កំពុង​ខិត​ខំ​ក្នុងការ​កាត់​បន្ថយ​អត្រា​ប្រេ​វ៉ា​ទ្ប​ង់​បាន​ពាក់កណ្តាល ក្នុងដំណើរ​ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​នៅ​ឆ្នាំ​២០១៥។

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ លោក អេង ហួត បាន​និយាយ​ថា កម្មវិធី​ជាតិ​កំចាត់​រោគ​របេង​ត្រូវខិតខំ​ធ្វើយ៉ាងណា ស្រាវជ្រាវ​ករណី​ជំងឺ​រេ​បង​គ្រប់​សណ្ឋាន​ឲ្យ​បាន​៤០.០០០​ករណី និង​អត្រា​ព្យាបាល​ជាសះស្បើយ​លើសពី​៨៥​ភាគរយ​។​លោក​បន្តថា ការងារ​ស្រាវជ្រាវ​ជំងឺរបេង​លើ​កុមារ មនុស្ស​ចាស់ និង​ការស្រាវជ្រាវ​តាម​ពន្ធនាគារ​គួរ​ត្រូវ​ពង្រីក​។ ​

ជា​រៀងរាល់ឆ្នាំ​ក្នុង​ពិភពលោក​មាន​មនុស្ស​ប្រមាណ​៩​លាន​ នាក់​ឆ្លង​ជំងឺរបេង​ក្នុងនោះ​១,៥​លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺរបេង​។​ ដោយឡែក​នៅ​កម្ពុ​ជាមាន​មនុស្ស​ប្រមាណ​៦២.០០០​នាក់​បាន​ឆ្លង​ជំងឺរបេង និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​៩.០០០​នាក់​ជា​រៀងរាល់ឆ្នាំ​៕

Related Articles

Back to top button
Close
Close