៣០ឆ្នាំ​ក្រោយ​ការ​រកឃើញ​មេរោគ HIV ការ​ឆ្លង​រាលដាល​នៅតែ​មាន​អត្រា​ខ្ពស់​នៅ​រុស្ស៊ី

ថ្ងៃចន្ទ២០ឧសភានេះ ជា​ថ្ងៃ​គម្រប់​៣០ឆ្នាំគត់ តាំងពី​មាន​រកឃើញ មេរោគ​នៃជម្ងឺអេដស៍។ ទោះបី​កន្លងផុត​៣០ឆ្នាំក្តី ក៏ជម្ងឺនេះ នៅតែ​បន្ត​ឆ្លងរាលដាល​នៅ​រុស្ស៊ី ជាទី ដែល​ចំនួន​អ្នក ស្លាប់ និង​ករណី​អ្នកកើតជម្ងឺ​នេះ ចេះតែ​កើនឡើង ចំណែក​ពួក​អ្នកឯកទេស​វិញ បរិហារ​អាជ្ញាធរ​រុស្ស៊ី ថា​គ្មាន​យុទ្ធសាស្ត្រ​សម្រាប់​បង្ការ ទល់នឹង​រោគនេះ។

ករណីថ្មីៗ នៃ​អ្នកឆ្លង​ជម្ងឺអេដស៍​នៅរុស្ស៊ី គ្រាន់តែ​ក្នុងមួយឆ្នាំ​កន្លងទៅ បាន​កើនឡើង ១២% បើគិតពី​ចំនួន​កើនឡើង​នេះ គឺ​ប្រមាណ ៧ម៉ឺននាក់។ តួលេខនេះ ញ៉ាំងលោក Vladimir Pokrovski ដែលជា​នាយក“មជ្ឈមណ្ឌល​សហព័ន្ធ​រុស្ស៊ី​ខាង​ប្រយុទ្ធ​ទល់នឹង​រោគអេដស៍” ឲ្យ​ព្រួយបារម្ភ​មែនទែន។ តាមដែល​គាត់​ពន្យល់បំភ្លឺ ខាង​ជម្ងឺអេដស៍ ស្ថានការណ៍​នៅ​ប្រទេស​រុស្ស៊ី ដុនដាប​តែម្តង ដ្បិត​រុស្ស៊ី​កំពុងតែ​រត់តាម​ឲ្យទាន់ ទ្វីប​អាហ្វ្រិក ខាង​ចំនួន​អ្នក​ធ្លាក់ ខ្លួនឈឺ​រោគ​អេដស៍។ ក្នុងចំណោម​ពលរដ្ឋ​ដែល​កំពុង​ពេញកម្លាំង អាយុ​ពី១៥​ទៅ​៤៩ឆ្នាំ បើ​និយាយពី​ភេទប្រុស គឺ​មាន​ដល់ទៅ​១% ដែល​ធ្លាក់ខ្លួនឈឺ​រោគអេដស៍ ហើយ​បើ​និយាយពី​ភេទស្រី គឺ​មាន០,៦% ដែល​ធ្លាក់ខ្លួនឈឺ។ តួលេខ​ទាំងនេះ គឺ​ខ្ពស់ណាស់។

លោក Vladimir Pokrovski បន្ថែមថា ចាប់ពី​ឆ្នាំ២០០៦​មក រដ្ឋាភិបាល​រុស្ស៊ី​បាន​សម្រេច​បង្កើន​ដល់ទៅ​២០ដង​ឯណោះ ហិរញ្ញប្បទាន ដែល​ផ្តល់ទៅ​ក្នុង បុព្វហេតុ​ខាង​ប្រយុទ្ធ​ទល់នឹង​រោគអេដស៍ ដោយ​ចាត់ទុក​មុខព្រួញ​នេះថា ជា “អាទិភាព​ជាតិ ”។ ក៏ប៉ុន្តែ នៅ​មិនទាន់​មាន​លទ្ធផល​អ្វីណាទេ មកពី​គ្មាន​យុទ្ធសាស្ត្រ​ខាង​បង្ការ​ជាមុន​ទល់នឹង​រោគនេះ ពីព្រោះ រុស្ស៊ី​ប្រយុទ្ធ​មិនមែន​ទល់នឹង​ជម្ងឺនេះ​ផ្ទាល់ទេ ប៉ុន្តែ គឺ ទល់នឹង ផលវិបាក​របស់វា​ទេតើ។ ដូច្នេះ ឥរិយាបថ​ប្រកាន់យក​ដោយ​រដ្ឋាភិបាល​រុស្ស៊ី ចំពោះ សាច់រឿង​ដែលមាន គឺ​មិន​ត្រឹមត្រូវ​ឡើយ ដោយ​រុស្ស៊ី មិន​ការពារ​ជាមុន​ឯណា ទល់នឹង​ការលេច​ចេញមក នៃ​ករណី​ឆ្លងថ្មីៗ តែគឺ​ប្រយុទ្ធតែ​ទល់នឹង លទ្ធ ផល​នៃ​ការ​ឆ្លង​រាលដាល​ទៅហើយ។

ជាការកត់សម្គាល់ រដ្ឋរុស្ស៊ី​ចំណាយ​ប្រមាណ ៤៧០លានអឺរ៉ូ ក្នុង១ឆ្នាំ សម្រាប់​ការ​ធ្វើរោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល អ្នកស្រុក​ដែល​ធ្លាក់ខ្លួន​ឈឺ​រោគអេដស៍ ប៉ុន្តែ សម្រាប់​កម្មវិធី​ខាងបង្ការ​ជាមុន ទល់នឹង​ការ​ឆ្លងរាលដាល នៃ​រោគនេះ គឺ​ចំណាយ​តែ ៥លានអឺរ៉ូ​ប៉ុណ្ណោះ។

ស្របនឹងស្ថិតិ បង្ហាញដោយ “មជ្ឈមណ្ឌល​សហព័ន្ធ​រុស្ស៊ី​ខាង​ប្រយុទ្ធ​ទល់នឹង​ជម្ងឺអេដស៍” ក្នុង​៣០ឆ្នាំ​កន្លងទៅ តាំងពី​មាន​រកឃើញ មេរោគ​នៃ​ជម្ងឺអេដស៍ វាបាន​ផ្តាច់ជីវិត​មនុស្ស​នៅ រុស្ស៊ី អស់១៣ម៉ឺន​នាក់ ទៅហើយ ដែល​វ័យ​ជាមធ្យម​គឺ​នៅក្មេងសោះ ម្តុំ៣៦ឆ្នាំ​ប៉ុណ្ណោះ។ ពីក្នុង​ចំនួន​អ្នកស្លាប់​នោះ គ្រាន់តែ​ក្នុងឆ្នាំ​២០១២ គឺ​ស្លាប់អស់ ២ម៉ឺននាក់។ រីឯ​ចំនួន​អ្នកឆ្លង ដោយ​មេរោគ​អេដស៍ នៅរុស្ស៊ី សរុបទៅ​គឺ​ជិត ៧សែន​២ម៉ឺននាក់។ នៅ​រុស្ស៊ី អ្នក​ដែល​ឆ្លង​ដោយ​មេរោគអេដស៍ ដំបូងបង្អស់ ត្រូវបាន​កត់ត្រា​ឃើញ តាំងពី​សម័យ​សូវៀត ក្នុង​ឆ្នាំ១៩៨៧​ម៉្លេះ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close