ក្នុងឆ្នាំ២០១០អត្រាឆ្លងមេរោគអេដស៍នៅកម្ពុជាធ្លាក់ចុះមកនៅត្រឹម០,៨ ភាគរយ
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការខាណា នៅព្រឹកថ្ងៃទី៥ មេសា ២០១២ លោកវេជ្ជបណ្ឌិត អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបាននិយាយថា កម្ពុជាសម្រេចបានវឌ្ឍនភាពដ៏ប្រសើរ ក្នុងការលើកកម្ពស់សូចនាករសុខភាពថ្នាក់ជាតិ ជាពិសេសការសម្រេចបានគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ទី៦ សម្រាប់ការកាត់បន្ថយអត្រាប្រេវ៉ាឡង់មេរោគអេដស៍ ដែលបានធ្លាក់ចុះពី ២,៤ ភាគរយ នៅក្នុងឆ្នាំ១៩៩៨ មកនៅត្រឹម ០,៨ ភាគរយ នៅក្នុងឆ្នាំ២០១០។
លោកបានបន្តថា លើសពីនេះទៅទៀត វឌ្ឍនភាពជាច្រើន បានលេចជារូបរាងនៅក្នុងវិស័យសុខភាពមាតា និងទារក សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ជាក់ស្ដែងការកើនឡើងនៃអត្រាស្ដ្រីក្នុងវ័យបន្តពូជ ដែលប្រើប្រាស់វិធីសាស្ដ្រពន្យារកំណើនពី ២៧ភាគរយ នៅក្នុងឆ្នាំ២០០៥ រហូតដល់ ៣៥ ភាគរយ នៅក្នុងឆ្នាំ២០១០ និងការធ្លាក់ចុះ នៃអត្រាមរណៈភាពមាតាពីចំនួន ៤៧២ នាក់ ក្នុងចំណោមកំណើតរស់ ១០០.០០០ នាក់ នៅក្នុងឆ្នាំ២០០៥ មកនៅត្រឹម ២០៦នាក់ នៅក្នុងឆ្នាំ២០១១។
អង្គការខាណា បានចូលរួមចំណែកយ៉ាងសំខាន់ដល់យុទ្ធវិធីឆ្លើយតបរួមគ្នា តាមរយៈការបញ្ជូនស្ដ្រីមានផ្ទៃពោះ ដែលផ្ទុកមេរោគអេដស៍ចំនួន ២២៥នាក់ ទៅកាន់សេវាបង្ការការចម្លងពីម្ដាយទៅកូន។ លើសពីនេះទៀត មានការផ្ដល់ការគាំទ្រសម្រាប់ការបង្ការដល់គូស្វាមីភរិយា ដែលមានផ្ទុកមេរោគអេដស៍តែម្ខាងចំនួន ១.៣៧៥ គ្រួសារទៀតផង ដែលកិច្ចការនេះ គឺជាកិច្ចការសំខាន់សម្រាប់ការកាត់បន្ថយការឆ្លងមេរោគអេដស៍ក្នុងចំណោមដៃគូ៕