ករណីក្លែងបន្លំទិដ្ឋាការលេខ៤៥៧នៅអូស្រ្ដាលីមានចំនួនច្រើន
លោក Tony Sheldon អនុប្រធានគណបក្ស Labor ថ្នាក់ជាតិនៃប្រទេសអូស្រ្ដាលីទទូចថា នៅក្នុងប្រទេសអូស្រ្ដាលីមានការក្លែងបន្លំយ៉ាងច្រើនទាក់ទងនឹង កម្មវិធីទិដ្ឋាការអ្នកធ្វើការពីបរទេស។
ការ អត្ថាធិប្បាយរបស់លោកបានចេញឡើងដូចគ្នាទៅនឹងការលើក ឡើងរបស់រដ្ឋាភិបាលក្នុងពេលថ្មីៗនេះ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងអំពីតួលេខពិតប្រាកដនៃចំនួនករណីក្លែងបន្លំនេះនៅ ឡើយទេ។
កាលពីដើមខែនេះ លោក Brendan O’Connor រដ្ឋមន្រ្ដីក្រសួងអន្ដោប្រវេសន៍អូស្រ្ដាលីបានទទួលស្គាល់ថា មានករណីក្លែងបន្លំទិដ្ឋាការលេខ ៤៥៧នេះ ចំនួនជាង១ម៉ឺនករណីដែលបានធ្វើឡើងដោយនិយោជក ហើយតួលេខនេះ គឺផ្អែកទៅលើការប៉ាន់ស្មានមួយ។
លោក Tony Sheldon ដែលកំពុងជួបប្រទះនឹងបញ្ហាខ្លួនឯងជុំវិញការជួលបុគ្គលិកបរទេសដែល កាន់ទិដ្ឋាការលេខ ៤៥៧ នៅក្នុងសហជីពផ្នែកដឹកជញ្ជូនដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ លោក មានប្រសាសន៍ថា បញ្ហាគឺមាន ហើយគេត្រូវការដោះស្រាយបញ្ហានេះ។
លោក បានបន្ដថា អ្វីដែលគេកំពុងតែលើកឡើងអំពីទិដ្ឋាការលេខ ៤៥៧ គឺមានករណីអ្នកធ្វើការតាមយន្ដហោះជាច្រើនដែលកាន់ទិដ្ឋាការពិសេស សម្រាប់ធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ Qantas និង Jetstar ដែលធ្វើការបានប្រាក់ខែតែ២៦៧ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ លោកថា ប្រាក់ខែបែបនេះ គឺមិនអាចទទួលបានទេ៕ (Radio Australia)