ក្រុមអ្នកភូមិ ដែលមានបញ្ហាដីធ្លី ព្រមានលើកគ្នា មកដេកដាំបាយនៅមុខសាលាក្រុង
Cambodia News

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ តំណាងពីពលរដ្ឋសហគមន៏ក្រីក្រក្នុងក្រុងភ្នំពេញ បានព្រមានថា នឹង លើកគ្នាមកដេក ដាំបាយ នៅខាងមុខសាលាក្រុង ដើម្បីទាមទារឲ្យប្រមុខសាលាក្រុងដែលទើបឡើងថ្មី ដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ឲ្យបានមុនការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខ។
ក្រុមអ្នកភូមិដែលមានគ្នាជាង១រយនាក់មកពីសហគមន៏ បុរីកីឡា បឹងកក់ ថ្មគោល និង សហគមន៏មួយចំនួនទៀតបាននិយាយថា ពួកគាត់នឹងលើកគ្នាមក នៅសប្ដាហ៏ក្រោយ ដោយមានឆ្នាំងបាយ មុង កន្ទេល មកដេកទាំងយប់ទាំងថ្ងៃ នៅមុខសាលាក្រុង ដើម្បីឲ្យថ្នាក់ដឹកនាំសាលាក្រុងគោរពាក្យសន្យា ។
ការសន្យានេះបានធ្វើឡើងបន្ទាប់ពីលោក កើត ឆែ នាយខុទ្ទការល័យសាលាក្រុងភ្នំពេញ បានចេញមុខមកសន្យា ជាមួយប្រជាពលរដ្ឋ ដូចអ្វីដែលគេធ្លាប់បានឃើញជាញយដងថា នឹងដោះស្រាយបញ្ហាដីធ្លី ដល់ប្រជាពលរដ្ឋ បណ្ដាលសហគមន៏ទាំងនោះ៕