រថយន្តដឹកដីដាច់ហ្វ្រាំង ជ្រុលបុកមនុស្សកំពុងជិះម៉ូតូស្លាប់ ៣នាក់
Cambodia News
ភ្នំពេញ៖ កាលពីវេលាម៉ោង ៤នឹង៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ រថយន្ត ធុនធំដឹកដី ចុះពីលើស្ពានព្រះមុនីវង្សថ្មី ហើយដាច់ហ្វ្រាំង ជ្រុលបុករះម៉ូតូអស់ចំនួន៤គ្រឿង និងរថយន្តពីរគ្រឿងទៀតបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ ក្នុងនោះមានស្រី២នាក់ ប្រុសម្នាក់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ជាប់ផ្សារច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តធុនធំ ប្រភេទរថយន្តដឹកដីមួយគ្រឿង ម៉ាកហីណូ ពណ៌ស ពាក់ស្លាកលេខ ក-5989-ភព3 ដែលបើកបរដោយយុវជនម្នាក់អាយុជាង២០ឆ្នាំ ឡើងលើស្ពានព្រះមុនីវង្សថ្មី ក្នុងទិសដៅពីលិចទៅកើត បំណងចុះមកផ្លុវជាតិលេខ១ ប៉ុន្តែរថយន្តធុនធំមួយគ្រឿងនេះ បានដាច់ហ្វ្រាំង ចាប់មិនស៊ី បណ្តាលឲ្យរថយន្តនោះ ជ្រុលទៅមុខបុករះអ្នកជិះម៉ូតូស្លាប់បាត់បង់ជីវិត ដោយសាររថយន្តកិនបែកក្បាល ធ្លាយពោះ បាក់ជើង បាក់ដៃ ចំនួន៣នាក់នៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរជាច្រើន បានវាយកម្ទេចកញ្ចក់រថយន្តបង្កហេតុ ដើម្បីអូសអ្នកបើកបររថយន្តចេញមកហើយពួកគាត់បានព្រួតគ្នាវាយ បណ្តាលឲ្យយុវជនជាតៃកុងរថយន្តបង្កហេតុ រងរបួសស្ទើរស្លាប់ បើកុំតែសមត្ថកិច្ចមកជួយទាន់នោះ អ្នកបើកបររថយន្តបង្កមិនដឹកថាក្លាយទៅជាអ្វីទៅហើយ។ ការផ្ទុះកំហឹងរបស់ប្រជាពលរដ្ឋ គឺដោយសារពួកគាត់បានឃើញហេតុការណ៍ជាក់ស្តែងគឺវារន្ធត់ខ្លាំងណាស់ សម្រាប់ក្រុមសាច់ញាតិសាកសព ដែលបានមកឃើញបងប្អូនដេកស្លាប់ បែកក្បាល ធ្លាយពោះ បាក់ជើង បាក់ដៃ ខ្ទាតរាយប៉ាយពេញថ្នល់បែបនេះ៕ ហេង នាង