របៀបវារៈ៤ នឹងត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីព្រឹកនេះ
Cambodia News
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យ ដឹងថា នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៣នេះ គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៤។
តាមសេចក្តីជូនដំណឹងដដែល របៀបវារៈចំនួន៤ដែលនឹងត្រូវអង្គប្រជុំគណៈរដ្ឋមន្រ្តីលើកមកពិភាក្សានៅព្រឹកនេះរួមមាន៖
១-សេចក្តីព្រាងសារាចរ និងគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។
២-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកំពង់ផែ និងប្រព័ន្ធគ្រប់គ្រងកំពង់ផែ។
៣-គម្រោងវិនិយោគសាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល កំពង់ចាម-ក្រចេះ។
និង ៤-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «ពិធីសារទី២ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ»៕