ឧបទ្វីបកូរ៉េ៖ព្យុងយ៉ាង​បាន​ផ្តល់​សញ្ញា​ធូរស្រាល ដោយ​សម្រេច​ដក​គ្រាប់មីស៊ីល​ចេញ​ពី​ជើងតម្កល់បាញ់

នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​បាន​ស្គាល់​ភាព​តានតឹង​ដល់​កំពូល​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​ កន្លង​មក នៅ​ថ្ងៃ​អង្គារ ទី៧ ឧសភា​នេះ កូរ៉េខាងជើង​បាន​សម្រេច​ដក​​គ្រាប់មីស៊ីល ២គ្រាប់​ចេញ​ពី​ជើងតម្កល់បាញ់​របស់​វា។ ចំណែក​កម្លំាងទ័ព​កូរ៉េខាងជើង​ក៏​លែង​ស្ថិត​ក្នុង​សភាព​ប្រុងជើងការ​ដូច​មុន ​ទៀត​ឡើយ។ ទំាង​នេះ​គឺ​ជា​សញ្ញា​ដែល​បញ្ជាក់​ពី​ភាព​ធូរស្រាល​បន្តិច​នៅ​ក្នុង​ឧបទ្វីប ​កូរ៉េ។ ម្យ៉ាង​ទៀត កាយវិការ​របស់​របប​ក្រុង​ព្យុងយ៉ាង​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង Park Geun-Hye កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក។ លោកស្រី​នឹង​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ដើម្បី​ និយាយ​ពី​បញ្ហា​ស្ថានភាព​នៅ​ក្នុង​តំបន់។

គ្រាប់មីស៊ីល​ទំាងពីរ​គ្រាប់​នោះ​មាន​ឈ្មោះ​ថា « Musudan » និង​ដែល​កូរ៉េខាងជើង​អាច​បាញ់​ពេល​ណា​ក៏​បាន​ដែរ តែ​នៅ​ទីបំផុត រដ្ឋអំណាច​ក្រុង​ព្យុងយ៉ាង​បែរ​ជា​បាន​សម្រេច​ដក​គ្រាប់មីស៊ីល​ទំាង ២គ្រាប់​នោះ​ចេញ​ពី​ជើងតម្កល់បាញ់​របស់​វា​ទៅ​វិញ នេះ​ការ​ថ្លែង​របស់​អ្នកទទួលខុសត្រូវ​ការពារ ជាតិ​អាមេរិកំាង​ម្នាក់​ដែល​មិន ​ព្រម​បញ្ចេញ​ឈ្មោះ។ យោង​តាម​អ្នកទទួលខុសត្រូវ​អាមេរិ កំាង​ដដែល កាយវិការ​របស់​កូរ៉េខាងជើង​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​ទៀត​ឡើយ​គ្រោះ ថ្នាក់​ភ្លាមៗ​កើត​ចេញ​ពី​ការ​គំរាមបាញ់​គ្រាប់មីស៊ីល​ របស់​កូរ៉េខាងជើង ព្រោះថា ដើម្បី​អាច​យក​គ្រាប់ មីស៊ីល​ទៅ​ដាក់​លើ​ជើងតម្កល់បាញ់​របស់​វា​ជា​ថ្មី​នោះ គេ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​រៀបចំ។ ទន្ទឹម​គ្នា​នេះ ព័ត៌មាន​ពី​កូរ៉េខាងត្បូង​បាន​អះអាង​ថា កងទ័ព​កូរ៉េខាងជើង​ក៏​លែង​ស្ថិត​ក្នុង​សភាព​ប្រុងជើងការ​ដូច​មុន​ទៀត​ឡើយ។

ក៏​ប៉ុន្តែ ទោះ​បី​ជា​មាន​កាយវិការ​បន្ធូរបន្ធយ​យ៉ាង​នេះ​ក្តី ក៏​កូរ៉េខាងជើង​នៅ​តែ​បន្ត​ប្រឆំាង​នឹង​សមយុទ្ធថ្មី​ក្នុង​សប្តាហ៍​នេះ​រវាង ​ទ័ព​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​នៅ​ក្រោមសមុទ្រ។ របប​ក្រុងព្យុងយ៉ាង​បាន​សន្យា​ថា ខ្លួន​នឹង​ធ្វើ​ការ​វាយបកវិញ​ភ្លាមៗ ប្រសិន​បើ​មាន​គ្រាប់កំាភ្លើង​មួយ​គ្រាប់​ធ្លាក់​ក្នុង​ដែនសមុទ្រ​របស់​ ខ្លួន​នោះ។ តាម​សេចក្តីជូនដំណឹង​មួយ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ផ្លូវការ​កូរ៉េខាងជើង​ ឲ្យ​ដឹង​ថា ទ័ពជើងទឹក​កូរ៉េខាងជើង​បាន​ទទួល​បញ្ជា​ឲ្យ​ឆ្លើយតប​ភ្លាមៗ បើ​មាន​គ្រាប់កំាភ្លើង​ធ្លាក់​ក្នុង​ដែនទឹក​ដែល​ចែក​ព្រំដែន​សមុទ្រ​រវាង​ ប្រទេស​ទំាង​ពីរ​នោះ។

យ៉ាង​ណា​ក៏​ដោយ កាយវិការ​កាត់បន្ធយ​ភាព​តានតឹង​របស់​របប​ក្រុងព្យុងយ៉ាង​ពេល​នេះ​បាន​ធ្វើ​ ឡើង ចំ​ពេល​ដែល​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង Park Geun-Hye កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក។ លោកស្រី Park Geun-Hye ដែល​បាន​បញ្ជាក់​សារជាថ្មី​ម្តង​ទៀត​អំពី​ឆន្ទៈ​របស់​លោកស្រី​ក្នុង​ការ​ ស្ថាបនា​ឡើង​វិញ​នូវ​បរិយាកាស​ផ្តល់ការទុកចិត្ត​គ្នា​ទៅវិញ ទៅ​មក​ជាមួយ​កូរ៉េខាងជើង។ តែ​ជាមួយ​គ្នា​នេះ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​បាន​សន្យា​ថា នឹង​ធ្វើ​ការ​សងសឹក​ចាស់​ដៃ​វិញ​នៅ​ក្នុង​ករណី​ណា​ដែល​កូរ៉េខាងជើង​ហ៊ាន​ បង្ក​រឿង​តាម​ផ្លូវ​យោធា​នោះ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close