មេរោគ​ផ្តាសាយ​ថ្មី​មិន​ទាន់​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅឡើយ​ទេ

ប្រ​ធាន​មជ្ឈ​មណ្ឌល​គ្រប់​គ្រង និង​ការ​ពារ​ជំងឺ​សហរដ្ឋ​អាម៉េរិក​មាន​ប្រ​សាសន៍​ថា​ ប្រ​ភេទ​មេរោគ​ផ្តាសាយ​បក្សី​ថ្មី​ដែល​បណ្តាល​ឲ្យ​មនុស្ស​កើត​ជំងឺ និង​ស្លាប់​ក្នុង​ប្រ​ទេស​ចិន​មិន​អាច​បណ្តាល​ឲ្យ​ឆ្លង​រាល​ដាល​នោះ​ទេ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​គេ​មិន​អាច​ធានា​ថា មេរោគ​នេះ​នឹង​មិន​អាច​ផ្លាស់​ប្តូរ និង​ក្លាយ​ជា​ជំងឺ​ឆ្លង​នោះ​ទេ។

លោក​វេជ្ជ​បណ្ឌិត Thomas Frieden បាន​ប្រាប់​កិច្ច​ប្រ​ជុំ​កំពូល​សុខភាព​នៅ​ទី​ក្រុង​ញូ​យ៉ក​ថា មាន​មនុស្ស​ជាង ២ពាន់​នាក់ហើយ​ដែល​បាន​ប៉ះ​ពាល់​ជា​មួយ​អ្នក​ជំងឺ​ដែល​ឆ្លង​មេរោគ​ប្រភេទ​ ថ្មី​នេះ ហើយ​មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ធ្លាក់​ខ្លួន​ឈឺ។ និយាយ​ជា​រួម អ្នក​ឆ្លង​ជំងឺ​ទាំង​អស់​សុទ្ធ​សឹង​តែ​បាន​ប៉ះ​ពាល់​ជាមួយ​សត្វ​បក្សី ដែល​ជា​ប្រភព​មេរោគ។

មេរោគ​ផ្តាសាយ​បក្សី​ប្រ​ភេទ​ថ្មី H7N9 ដែល​បាន​ឆ្លង​ទៅ​មនុស្ស​កាល​ពី​ខែ​កុម្ភៈ​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​ជំងឺយ៉ាង ​តិច​ ១២៧​នាក់​ហើយ និង​បាន​សម្លាប់​មនុស្ស ២៧​នាក់​ផង​ដែរ។ បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​មជ្ឈ​មណ្ឌលគ្រប់​គ្រង និង​ការ​ពារ​ជំងឺ​សហរដ្ឋ​អាម៉េរិក​​ អត្រា​ស្លាប់​ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​នេះ​មាន​ប្រមាណ ២០​ភាគរយ។

បើ ​តាម​ការ​ធ្វើ​តេស្ត​ដោយ​មន្ត្រី​សុខាភិបាល​​ចិន​បង្ហាញ​ថា​មេរោគ​នេះ​មាន​ នៅ​ក្នុង​សត្វ​មាន់ ទា និង​ព្រាប ប៉ុន្តែ​លោក​វេជ្ជ​បណ្ឌិត Frieden បញ្ជាក់​ថា​គេ​មិន​ទាន់​ដឹង​ច្បាស់​ថាតើ​មេរោគ​នេះ​ឆ្លង​ក្នុង​ចំណោម​សត្វ​ ស្លាបយ៉ាង​ដូចម្តេច​នោះ​ទេ។

មជ្ឈ​មណ្ឌល​គ្រប់​គ្រង និង​ការ​ពារ​ជំងឺ​បាន​បង្កើត​មណ្ឌល​ប្រតិបត្តិការ​បន្ទាន់​ដើម្បី​ធ្វើ​ការ​ ត្រួត​ពិនិត្យ​ជំងឺ​នេះ ហើយ​បច្ចុប្បន្ន​នេះ​មជ្ឈ​មណ្ឌល​មាន​បុគ្គលិក​ចំនួន ១៩៣​នាក់​ដែល​ធ្វើ​ការ​លើ​មេរោគ H7N9 ដែល​ក្រុម​ការងារ​នេះ​កំពុង​បំពេញ​ភារកិច្ច​ក្នុង​ប្រ​ទេស ចិន ឡាវ កម្ពុជា និង​វៀតណាម៕ (Radio Australia)

Related Articles

Back to top button
Close
Close