ពលរដ្ឋអាមេរិកភាគច្រើនមិនចង់ឲ្យអាមេរិកលូកដៃធ្វើអន្តរាគមន៍ក្នុងវិបត្តិនៅស៊ីរី
ការស្ទាបស្ទង់មតិមួយ កាលពីថ្ងៃពុធម្សិលមិញ បង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនលើសលប់ មិនចង់ឲ្យសហរដ្ឋអាមេរិកលូកដៃចូលធ្វើអន្តរាគមន៍ នៅក្នុងវិបត្តិនៅស៊ីរីនោះទេ បើទោះបីជារបបដឹកនាំរបស់លោកបាស្ហា អាល់អាសាដ ប្រើអាវុធគីមីទៅលើក្រុមឧទ្ទាមស៊ីរីក៏ដោយ។ លទ្ធ ផលនៃការស្ទាបស្ទង់មតិនេះអាចជាសារមួយ ទៅកាន់លោកអូបាម៉ា ដែលប៉ុន្មានថ្ងៃមកនេះ កំពុងពិចារណាអំពីចំណាត់ការទៅនឹងព័ត៌មានដែលថា មានការប្រើអាវុធគីមីនៅក្នុងប្រទេសស៊ីរី។
ការស្ទាបស្ទង់មតិ កាលពីថ្ងៃពុធម្សិលមិញនេះ ត្រូវបានរៀបចំធ្វើឡើង ដោយ Reuters និង Ipsos ហើយលទ្ធផលបង្ហាញថា ក្នុងចំណោមពលរដ្ឋអាមេរិក ដែលត្រូវបានសាកសួរ នៅក្នុងការស្ទាបស្ទង់មតិនេះ មានតែប្រមាណជា ១០% ដែលឆ្លើយថា ពួកគេចង់ឲ្យអាមេរិកចូលខ្លួនធ្វើអន្តរាគមន៍ ក្នុងវិបត្តិនៅស៊ីរី។ ចំណែកឯអ្នកជំទាស់វិញ មានរហូតដល់ទៅ ៦១%។
ចំនួន ឆ្លើយអ្នកគាំទ្រអន្តរាគមន៍អាមេរិក នៅស៊ីរី កើនឡើងដល់ ២៧% ក្នុងករណីកងកម្លាំងរបស់លោកបាស្ហា អាល់អាសាដ ប្រើអាវុធគីមី។ ក៏ប៉ុន្តែ បើទោះបីជាក្នុងករណីប្រើអាវុធគីមីនេះក៏ដោយ អ្នកប្រឆាំងនឹងអន្តរាគមន៍អាមេរិក ក្នុងវិបត្តិស៊ីរី នៅតែមានច្រើនជាងអ្នកគាំទ្រ គឺមានរហូតដល់ទៅ ៤៤%។
អ្នកជំនាញខាងការស្ទាបស្ទង់មតិ របស់វិទ្យាស្ថាន Ipsos បានលើកឡើងថា និន្នាការប្រឆាំងនឹងអន្តរាគមន៍របស់កងទ័ពអាមេរិក នៅក្រៅប្រទេសនេះ កើតមានដោយសារតែបទពិសោធន៍នៅអ៊ីរ៉ាក់ និងនៅអាហ្វហ្កានីស្ថាន ដែលអាមេរិកត្រូវជាប់ផុងក្នុងសង្រ្គាមស៊ីវិលអស់រយៈពេលជាង ១ទសវត្សរ៍។
គួរបញ្ជាក់ឡើងវិញថា កន្លងមក លោកអូបាម៉ាធ្លាប់បានថ្លែងព្រមានជាសាធារណៈ ចំពោះលោកបាស្ហា អាល់អាសាដថា ការប្រើអាវុធគីមី ក្នុងការប្រយុទ្ធតទល់ជាមួយនឹងកងកម្លាំងឧទ្ទាម គឺជាដែនកំណត់មួយ ដែលលោកបាស្ហា អាល់អាសាដ មិនត្រូវបំពាន។
នៅពេលថ្មីៗនេះ ព័ត៌មាន ជាពិសេស រូបភាពបង្ហាញពីការប្រើអាវុធគីមី នៅក្នុងប្រទេសស៊ីរី បានលេចចេញកាន់តែច្រើន ហើយកាលពីថ្ងៃអង្គារកន្លងទៅនេះ លោកអូបាម៉ាបានបញ្ជាក់ថា គេមានភស្តុតាងច្បាស់លាស់ បង្ហាញថា ពិតជាមានការប្រើអាវុធគីមី នៅក្នុងប្រទេសស៊ីរីពិតមែន ក៏ប៉ុន្តែ លោកបានបញ្ជាក់ថា គេមិនអាចដឹងឲ្យបានច្បាស់លាស់ទេថា តើការប្រើអាវុធគីមីនេះ មានទំហំប៉ុណ្ណា? ក្នុងរូបភាពបែបណា? ហើយអ្នកណាជាអ្នកប្រើ?
នេះគឺជាការបង្ហាញឲ្យឃើញថា លោកអូបាម៉ាមិនចង់លូកដៃជ្រៅ ទៅក្នុងវិបត្តិនៅស៊ីរី នៅពេលនេះទេ។ លទ្ធផលនៃការស្ទាបស្ទង់មតិ កាលពីថ្ងៃពុធម្សិលមិញ អាចនឹងធ្វើឲ្យលោកអូបាម៉ារឹតតែមិនចង់ចូលធ្វើអន្តរាគមន៍ នៅស៊ីរីនេះទៅទៀត៕ដោយ សេង ឌីណា(RFI)