ស្រវឹង បើករថយន្តបុករនាំងដែកចែកទ្រូងផ្លូវ ហើយរកវ៉ៃសមត្ថកិច្ច
Cambodia News
ភ្នំពេញ៖ កាលពីវេលាម៉ោង ២០និង៤៥នាទីយប់ ថ្ងៃទី១ ខែឧសភា បុរសជនជាតិចិន២នាក់ ស្រវឹងជោក បើករថយន្តរេចង្កូតទៅបុករនាំងដែកខណ្ឌចែកទ្រូងផ្លូវ នៅលើកំណាត់ផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយព្យាយាមបើកគេច តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចធ្វើការឃាត់បាន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើ បើកបរដោយបុរសជនជាតិចិន វ័យប្រហែលជាង៤០ឆ្នាំម្នាក់ឈ្មោះ ឆឹង ស៊ាងហ្វូ័រ ជាមេការរោងចក្រ សិនដា មានទីតាំងនៅម្តុំផ្លូវវេងស្រេង ក្នុងខណ្ឌពោធិសែនជ័យ និងបុរសរួមដំណើរម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទាំងអាការស្រវឹងជោក មកដល់កន្លែងកើតហេតុ រថយន្តបានរេចង្កូតទៅបុករនាំងដែកខណ្ឌចែកទ្រូងផ្លូវ ហើយព្យាយាមបើករត់គេច តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចស្ទាក់ឃាត់បានភ្លាម។
បន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួន បុរសប្រមឹកជនជាតិចិនទាំង២នាក់នោះ បានបញ្ចេញចរិកច្រងេងច្រងាងដាក់សមត្ថកិច្ច មិនតែប៉ុណ្ណោះ ថែមទាំងរករឿង អ្នកកាសែតមិនឲ្យថតយករូបភាព ទោះបីជាយ៉ាងណា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ដើម្បីធ្វើកំណត់ហេតុ៕ ហេង នាង