ប្រមុខចលនា Hezbollah លីបង់បានលើកឡើងពីលទ្ធភាពរបស់អ៊ីរ៉ង់ក្នុងការធ្វើអន្តរាគមន៍នៅស៊ីរី
នៅ ក្នុងប្រទេសលីបង់ លោក Nasrallah ប្រមុខចលនា Hezbollah បានចេញមុខគំាទ្រពេញទីលោកប្រធានាធិបតីស៊ីរី Bachar al-Assad។ ថ្លែងនៅក្នុងទូរទស្សន៍លីបង់មួយក្នុងថ្ងៃអង្គារ ទី៣០ មេសាម្សិលមិញ លោក Nasrallah បានបញ្ជាក់ថា ស៊ីរីជាប្រទេសសម្ព័ន្ធមិត្តពិតប្រាកដនៅក្នុងតំបន់ និងដែលប្រទេសមិត្តដូចយ៉ាងអ៊ីរ៉ង់ និងចលនា ចលនា Hezbollah អាចធ្វើអន្តរាគមន៍ដោយផ្ទាល់។ ទន្ទឹមគ្នានេះ ប្រមុខចលនា Hezbollah ក៏បានប្រកាសទទួលស្គាល់ជាលើកទីមួយ ពីកិច្ចសន្យារបស់កម្លំាង Hezbollah នៅក្នុងវិបត្តិស៊ីរី។
វិបត្តិ នៅក្នុងប្រទេសស៊ីរីលែងជាសង្រ្គាមរវាងប្រជាជនស៊ីរីទៀតហើយ តែជាជម្លោះនៅក្នុងតំបន់ នេះជាការបញ្ជាក់របស់លោកប្រមុខចលនា Hezbollah Hassan Nasrallah។ សម្រាប់លោក Nasrallah សង្រ្គាមនៅស៊ីរីសព្វថ្ងៃ គឺមានគោលដៅបំផ្លាញប្រទេសស៊ីរីទំាងមូល ពិសេសគឺលុបប្រទេសស៊ីរីចេញពីផែនទីតំបន់តែម្តង។ អ្វីដែលគ្រប់គ្នាកំពុងព្យាយាមចង់បាន គឺចង់ឲ្យស៊ីរីក្លាយជារដ្ឋមួយទន់ខ្សោយ គ្មានលទ្ធភាពគ្រប់គ្រងប្រភពធនធានធម្មជាតិរបស់ខ្លួនបាន ដូចយ៉ាងប្រេងកាត និងឧស្ម័នជាដើម នេះបើតាមការអះអាងរបស់លោក Nasrallah។
យោងតាមលោក Nasrallah ដដែល របបស៊ីរីរបស់លោកប្រធានាធិបតីBachar al-Assad មិនមែនស្ថិតឯកោតែម្នាក់ឯងទេ និងថា គ្រប់ប្រទេសជាមិត្តរបស់ស៊ីរីទំាងអស់នៅក្នុងតំបន់នឹងមិនអនុញ្ញាត ឲ្យរបបរបស់លោក Bachar al-Assad ធ្លាក់ទៅក្នុងកណ្តាប់ដៃអាមេរិក និងអ៊ីស្រាអែល ឬមួយក៏ក្រុមអ៊ីស្លាមនិយមជ្រុលនិកាយ Sunnites បានឡើយ។ សម្រាប់លោក Nasrallah គឺច្បាស់ណាស់ គ្មានថ្ងៃណាមួយដែលទីក្រុងដាម៉ាសធ្លាក់ក្នុងដៃក្រុមឧទ្ទាមបាន ទេ។
ក្នុងន័យនេះ លោក Nasrallah បានព្រមានទុកជាមុនថា ប្រសិនបើស្ថានការណ៍នៅស៊ីរីបានធ្លាក់ក្នុងភាពគ្រោះថ្នាក់ហើយ នោះកម្លំាងសម្ព័ន្ធមិត្តរបស់របបស៊ីរីសព្វថ្ងៃនឹងផ្តើមធ្វើ អន្តរាគមន៍នៅលើសមរភូមិដោយផ្ទាល់តែម្តង។ ទន្ទឹមគ្នានេះ លោក Nasrallah ក៏បានប្រកាសទទួលស្គាល់ជាលើកទី១ ពីការចូលរួមរបស់កម្លំាង Hezbollah នៅក្នុងវិបត្តិស៊ីរីស្ថិតក្បែរព្រំដែនប្រទេសលីបង់។ យោងតាមលោក Nasrallah ពិតជាមានការបាត់បង់ជីវិតយុទ្ធជន Hezbollah ក៏ប៉ុន្តែ សង្គ្រាមនៅមិនទាន់ចប់ទេ៕ដោយ គួច គន្ធារ៉ា (RFI)