ស្ត្រីតំណាងប្រជាពលរដ្ឋបឹងកក់ ៥នាក់ព្យាយាមដាក់ញត្តិនៅស្ថានទូតចិន
ភ្នំពេញ: នៅព្រឹកថ្ងៃទី២ មេសា ២០១២នេះ ស្ត្រីតំណាងប្រជាពលរដ្ឋបឹងកក់ ៥ នាក់បានព្យាយាម ធ្វើដំណើរទៅកាន់ស្ថានទូតចិន ដើម្បីដាក់ញត្តិជូនលោកប្រធានាធិបតីចិន ស្នើរឲ្យជួយអន្តរាគមន៍ក្នុងជម្លោះដីធ្លីរវាងពលរដ្ឋបឹងកក់ និងក្រុមហ៊ុនចិន ក៏ប៉ុន្តែត្រូវបានរារាំងដោយកំលាំងសមត្ថកិច្ច។
អ្នកស្រីទេពវន្នី បាននិយាយថា ក្រុមស្ត្រីអ្នកភូមិបឹងកក់ ៥ នាក់ ដែលបានព្យាយាមធ្វើដំណើរទៅកាន់ស្ថានទូតចិន ដើម្បីដាក់ញត្តិជូនលោកប្រធានាធិបតីចិន បានគេចចូលផ្សារអូឡាំពិក ដោយសារតែមានការតាមពីប៉ូលិស ហើយបានបន្តដំណើរទៅកាន់អង្គការសិទ្ធិលំនៅដ្ឋាន ដើម្បីរិះរកមធ្យោបាយទៅដាក់ញត្តិនៅស្ថានទូតចិន។
អ្នកស្រីបានបន្តថា គោលបំណងដាក់ញត្តិជូនលោកប្រធានធិបតីចិន គឺដើម្បីសុំឲ្យជួយជំរុញទៅកាន់រដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាដីនៅតំបន់បឹងកក់ ជាង ១២ ហិកតា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ទៅឲ្យពួកគាត់ និងបញ្ឈប់ការកាត់ និងឈប់ឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីទទួលបានដីនោះ៕