អ្នកលេងហ្វេសប៊ុកប្រតិកម្មទៅលើរដ្ឋាភិបាល ដែលដាក់កំហិតលើក្រុមហ៊ុនទូរស័ព្ទ Smart
Cambodia News
ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមអ្នកលេងហ្វេសប៊ុក បានប្រតិកម្មទៅលើរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច ដែលដាក់កំហិតលើក្រុមហ៊ុនទូរស័ព្ទ Smart និងទូរស័ព្ទចល័តមួយចំនួនទៀត មិនឲ្យទម្លាក់ថ្លៃការហៅចេញ ឬផ្តល់សេវាឥតគិតថ្លៃ។
ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីប្រព័ន្ធឆ្លើយតបជាស្វ័យប្រវត្តិរបស់ទូរស័ព្ទ Smart លេខ ៨៨៨ បាននិយាយថា ការផ្តល់សេវាហៅចេញ Free ក្រោមគម្រោងតេអស់ស្ទះ និងតេបាស់សក់ ត្រូវបានបញ្ឈប់ ហើយលក្ខខណ្ឌមួយចំនួនត្រូវបានកែប្រែ និងផ្លាស់ប្តូរ តាមការកំណត់របស់ប្រកាសអន្តរក្រសួង។
អ្នកចែករំលែកព័ត៌មានតាមហ្វេសប៊ុកបានអះអាងថា មូលហេតុនៃការផ្លាស់ប្តូរនេះ បណ្តាលមកពីក្រុមហ៊ុន Cellcard បានដាក់ពាក្យបណ្តឹងទៅក្រសួង ឲ្យដាក់គំនាបលើក្រុមហ៊ុន Smart ក្នុងការផ្តល់សេវា Free ទាំងនោះ។
ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ចបានសេចក្តីប្រកាសលេខ ២៣២ គឺមិនអនុញ្ញាតឲ្យផ្តល់សេវាហៅចេញ Free ឬផ្តល់លុយបន្ថែមឡើយ។ ក្រសួងបានកំណត់តម្លៃហៅចេញក្នុងប្រព័ន្ធ ស្មើនឹង ៤.៥សេន ក្នុងមួយនាទី ដែលធ្វើឲ្យអតិថិជន ប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Smart បញ្ចេញប្រតិកម្មជាបន្តបន្ទាប់ តាមបណ្តាញទាក់ទងសង្គម៕