បក្សប្រឆាំង គ្រោងចុះបញ្ជីឈ្មោះ គណបក្ស និង បេក្ខជនឈរឈ្មោះបោះឆ្នោត
Cambodia News
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ នៅមុខរដ្ឋសភា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានប្រកាសថា គណបក្សរបស់លោកនឹងចុះបញ្ជីឈ្មោះគណបក្សបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិ ទី៥ នាខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
ទាក់ទងទៅនឹងការការបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទទួលយកញត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលបានដាក់កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ត្រូវបានលោក កឹម សុខា បកស្រាយថា បើសិនជា គ.ជ.ប មិនផ្លាស់ប្តូរតាមអនុសាសន៍អង្គការសហប្រជាជាតិ អង្គការជាតិ អន្តរជាតិនោះទេ គឺមានន័យថា គ.ជ.ប មិនចង់ឲ្យអន្តរជាតិទទួលស្គាល់ ហេតុនេះហើយគណបក្ស សង្គ្រោះជាតិ ត្រូវតែចូលរួមបោះឆ្នោត ។
លោកប្រធានស្តីទីបានបញ្ជាក់ថា «បើសិនយើងអត់ចូលបោះឆ្នោត គណបក្សប្រជាជន គាត់ថា គាត់កែត្រឹមត្រូវទាំងអស់ទៅ ហើយយើងអត់ចូល ម៉េចដឹងថាខុស ដឹងថាត្រូវ ដល់យើងចូលទៅដឹងខុសដឹងត្រូវ យើងឃើញ អន្តរជាតិគេមើលឃើញ ជាក់ស្តែងដូចគេរកឃើញមែន»។
ចំពោះបញ្ហានេះ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប ធ្វើអ្វីដែលភារកិច្ចខ្លួន និងធ្វើអ្វីទៅតាមច្បាប់តម្រូវ ទៅតាមនីតិវិធី ។ ដូច្នេះមិនអាចធ្វើអ្វី ក្រៅពីនេះបានទេ ។ អ្វីដែលលោក កឹម សុខា បានបកស្រាយ គឺជាសិទ្ធិរបស់គាត់៕