ថន ថាណែត ល្បីរឿងអី?
Cambodia News
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ បើទោះបីជាមិនទាន់មានឱកាសបង្ហាញមុខសម្តែងក្នុងខ្សែភាពយន្តខ្នាតធំណាមួយក៍ដោយ ប៉ុន្តែសម្រាប់តារាសម្តែងជើងថ្មីសម្បុរខ្មៅស្រអែម នាងថន ថាណែត បាននិងកំពុងទ្រួសទ្រាយផ្លូវលើវិថីសិល្បះក្នុងភាពសុទិដ្ឋិនិយមបំផុត បន្ទាប់ពីរូបនាងបានបង្ហាញវត្តមានជាបន្តបន្ទាប់ក្នុងខ្សែវីដេអូភាគបែបអប់រំដែលផលិតឡើងដោយមណ្ឌលព័ត៌មានស្ត្រីកម្ពុជា។
កន្លងមកបើទោះជាតារាជើងថ្មីរូបនេះមានមហិច្ជិតាចង់ចូលប្រឡូកក្នុងវិស័យសិល្បះជាយូរមកហើយក្តី តែនាងហាក់មិនមានឱកាសបានដូចអ្វីដែលនាងបងប្រថ្នានោះឡើយ ពោលដោយសារតែការងារសិល្បះក្រៅរង្វង់សិល្បះរបស់នាងបានជ្រៀកពេលវេលាជាពីរ។ តែទោះជាយ៉ាងណាក្តីស្រមៃចង់ក្លាយជាសិល្បះនេះបានលេចចេញជារូបរាងឡើងដោយមិននឹកស្មានដល់សម្រាប់តារាជើងថ្មីដែលមានដើមកំណើតនៅក្នុងខេត្តសៀមរាបរូបនេះ បន្ទាប់ពីនាងបានធ្វើជាអ្នកថតរូបហើយបានបញ្ចូលរូបភាពរបស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទើបមានការចាប់អារម្មណ៍ពីផលិតករខ្សែភាពយន្តតែម្តង។
តារាវ័យក្មេងដែលមានវ័យ២២ឆ្នាំ នាងថន ថាណែត បានអះអាងប្រាប់កោះសន្តិភាពក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះថា បន្ទាប់បីការធ្វើតេសសាកល្បងជាមួយផលិតករភាពយន្តរួចមកនាងបានទទួលការពេញចិត្តពីម្ចាស់ផលិតករនោះ ដើម្បីឲ្យសាកល្បងក្នុងការសម្តែងខ្សែរឿងជាលើកដំបូងឲ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជាក្នុងរឿង កូនស្រីឥស្លាម ក្នុតំណែងជាតួឯក។ តារាសម្តែងរូបនេះទទួលស្គាល់ថា ខ្សែរឿងដំបូងនេះវាពិតជាពិបាកសម្រាប់រូបនាង ខណះពេលដែលនាងទើបតែឈានជើងជាលើកដំបូងក្នុងការបង្ហាញវត្តមាននៅមុខកាមេរ៉ាថតបែបនេះ។
ទោះជាយ៉ាងណាដោយសារចិត្តស្រឡាញ់ និងការបង្ហាត់បង្ហាញពីអ្នកដឹកនាំរឿង បូករួមទាំងមានការលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិផងនោះ ទើបអ្វីៗអាចដំណើរការទៅបានដោយមិននឹកស្មានដល់។ បទពិសោធន៍ជាលើកដំបូងនេះបានបង្ហាញផ្លូវដ៏វែងឆ្ងាយបន្តទៀតក្នុងដំណើរលើវិថីសិល្បះរបស់នាង ខណះពេលដែលមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានកោះហៅនាងឲ្យចូលរួមសម្តែងក្នុងខ្សែវីដេអូចំនួន២រឿងបន្ថែមទៀត។
នាងបញ្ជាក់ថា ខ្សែរឿងចំនួនពីរដែលនាងទទួលសម្តែងនេះគឺជាប្រភេទខ្សែរឿងដែលមានលក្ខណះអប់រំដូចទៅនឹងខ្សែរឿងដំបូងដែលនាងបានសម្តែងកន្លងមកនោះដែរ។ ខ្សែរឿងទី២ ដែលទើបតែចាក់បញ្ចាំងចប់តាមរយះស្ថានីយទូរទស្សន៍My TV CTN ទទក និង TV3 នោះមានចំណងជើងថា ជនរងគ្រោះ ដែលនាងជាតួអង្គអ្នកគ្រូបង្រៀនម្នាក់ប្រចាំភូមិដែលជាអ្នកបង្រៀនដល់កូនអ្នកភូមិផង និងដើរអប់រំអ្នកភូមិឲ្យមានការភ្ញាក់រលឹកក្នុងការបញ្ជូនកូនឲ្យមករៀន បន្ទាប់ពីកូនអ្នកភូមិម្នាក់ត្រូវបានឪពុកចុងចាប់រំលោភ ហើយស្ត្រីជាម្តាយបានហាមឃាត់កូនមិនឲ្យទៅសាលារៀនបន្តទៀត។ ទោះជាយ៉ាងណានៅទីបំផុតតួអង្គរបស់នាងក៍បានក្លាយជាជនរងម្នាក់ផងដែរ ដោយត្រូវអតីតមិត្តប្រុសរបស់នាងចាប់រំលោភ បន្ទាប់ពីនាងបានជ្រើសរើសបុរសថ្មីធ្វើជាគូអនាគត។
ចំណែករឿងទី៣នោះមានចំណងជើងថា ភ្លើងគ្មានផ្សែង ដែលនឹងត្រូវចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗខាងមុខនេះ ដែលវាក៍ជាប្រភេទរឿងដែលមានលក្ខណះបែបអប់រំដូចគ្នាផងដែរ។
សមិទ្ធិផល៣រឿងរបស់ ថន ថាណែត នេះគឺជាមាគ៌ាមួយយ៉ាងស្រស់បំព្រងសម្រាប់អនាគតដ៏ភ្លឺស្លាងក្នុងដំណើរជីវិតលើវិថីសិល្បះរបស់នាង បន្ទាប់នាងទើបតែបានប្រឡូកក្នុងវិស័យមួយនេះបានតែជាងមួយឆ្នាំនេះប៉ុណ្ណោះ។ ប៉ុនតែតាមរយះការសម្តែងរបស់នាងពិតជាមិនអាចឲ្យម្ចាស់ផលិតកម្មនានាអាចនឹងមករំលងណាស់ ព្រោះថា ទាំងរូបសម្រស់ កាយវិកាសម្តែងនិងភាពវ័យក្មេងរបស់នាងពិតជាមានការចាប់អារម្មណ៍ពីទស្សនិកជនជាមិនខាន។
ទន្ទឹមនឹងការបង្ហាញវត្តមានក្នុងខ្សែរឿងទាំង៣ខាងលើនេះ ថន ថាណែតក៍ជាតារាបង្ហាញម៉ូតម្នាក់ ហើយនាងក៏កំពុងតែត្រៀមខ្លួនក្លាយជាពិធីការិនីម្នាក់ផងដែរ ក្នុងពេលដែលបច្ចុប្បន្នក៍នាងមានតួនាទីជាអ្នកគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុនលក់ផលិតផលមួយដែរនោះ។
យ៉ាងណាក៍ដោយ ថន ថាណែត មិនមានសុទិដ្ឋិយមក្នុងការទាក់ទាញប្រជាប្រិយភាពពីទស្សនិកច្រើនក្នុងពេលនេះឡើយ តែភាពជឿជាក់និងការស្រឡាញ់នាងនឹងពុះពារក្នុងអាជីពសិល្បះនេះឲ្យកាន់តែជឿនលឿនទៅមុខថែមទៀត ក្នុងពេលដែលបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរកំពុងតែគាំទ្រខ្លាំងដល់វិស័យសិល្បះនោះ៕ ស.រ