កម្មការិនី ៣នាក់ដែលរងនូវការបាញ់ប្រហាររកមេធាវីអង្គការលីកាដូឱ្យការពារក្តី
កម្មការិនី៣នាក់ដែលរងគ្រោះក្នុងរឿងបាញ់ប្រហារកាលពីថ្ងៃទី២០ កុម្ភៈ នៅរោងចក្រកៅវ៉េ ក្រុងបាវិត បានសម្រេចចិត្តរកមេធាវីអង្គការលីកាដូឱ្យការពារក្តី។ កម្មការិនីទាំង៣នាក់១-ឈ្មោះ ប៊ុន ចិន្តា អាយុ២១ឆ្នាំ ២-ឈ្មោះ កែវ នា អាយុ១៨ឆ្នាំ និង៣-ឈ្មោះ នុត សុខន អាយុ២៣ឆ្នាំ។
តាមប្រភពព័ត៌មានទាក់ទិននឹងករណីខាងលើនេះ បានឱ្យដឹងថា នៅការិយាល័យអង្គការលីកាដូប្រចាំខេត្តស្វាយរៀង កម្មការិនីរងគ្រោះ៣នាក់បានមកសុំពឹងមេធាវីរបស់អង្គការលីកាដូ ដើម្បីការពារក្តីក្នុងរឿងជនល្មើសបាញ់ប្រហារមកលើពួកនាងបណ្តាលឱ្យរងរបួស។
កម្មការិនី ប៊ុន ចិន្តា បាននិយាយថា លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះហៅនាងឱ្យទៅបំភ្លឺនៅសាលា ដំបូងនៅថ្ងៃទី២៨ មីនា វេលាម៉ោង២រសៀល តែដោយលោកព្រះរាជអាជ្ញាជាប់រវល់ក៏លើកទៅថ្ងៃទី២៩ មីនា វេលាម៉ោង៨ព្រឹកវិញ ហើយពួកនាងទាំង៣នាក់បានពឹងមេធាវីអង្គការលីកាដូឱ្យជួយ ការពារក្តីរួចហើយ និងចូលខ្លួនទាំងបីនាក់ទៅបំភ្លឺនៅសាលាដំបូងខេត្តនៅថ្ងៃទី២៩ មីនា ។
មេធាវីការពារក្តីឱ្យកម្មការិនីរងគ្រោះ លោកស្រី ចរិយា បាននិយាយឲ្យដឹងថា លោកស្រីពុំអាចទាន់់បំភ្លឺអ្វីបានទេ តែបង្ហើបថា លោកស្រីទទួលការពារក្តីឱ្យនារីរងគ្រោះទាំង៣នាក់ហើយ ។ ចំពោះលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលជាជនសង្ស័យថាជាអ្នកបាញ់នោះ ពុំអាចទាក់ទងរកការបំភ្លឺបានទេពុំដឹងថា លោកកំពុងស្នាក់នៅទីណាទេ៕