ក្រុង​សេអ៊ូល​ដក​បុគ្គលិក​ចុងក្រោយ​របស់​ខ្លួន​ពី​តំបន់​ឧស្សាហកម្ម ​Kaesong ​

នៅ ​ថ្ងៃ​ចន្ទ​នេះ ជនជាតិកូរ៉េ​ខាង​ត្បូង​​​ទាំង​អស់​ដែល​បំរើការ​នៅ​​​តំបន់​ឧស្សាហកម្ម​ Kaesong ដែល​មាន​ទីតាំង​នៅ​ប្រទេស​កូរ៉េ​ខាងជើង​​នោះ ត្រូវ​ចាកចេញ​​​ពី​​តំបន់​នេះ​ ដើម្បី​ត្រលប់​​ទៅកាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។ ការ​ចាកចេញ​នេះ អាច​នឹង​ធ្វើ​អោយ​​តំបន់​ឧស្សាហកម្ម​ Kaesong ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​សំរាប់​ក្រុងព្យុងយ៉ាង​ត្រូវ​​បិទ ចោល​ជាស្ថាពរ។

កូរ៉េ​ខាង​ត្បូង​បាន​សំរេច​ដក​បុគ្គលិក​ជនជាតិ​ខ្លួនទាំងអស់​ ​ដែល​បំរើការ​នៅ​​​តំបន់​ឧស្សាហកម្ម​ Kaesong ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​នោះ អោយ​ចាក​ចេញ​ពី​ទីនោះ។ ការ​សំរេច​នេះ​ធ្វើឡើង គឺ​​ដោយ សារ​តែរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​ព្រម​ចរចាជាមួយ​ខ្លួន​​​ ​​អំពី​អនាគត​​នៃ​តំបន់​ឧស្សាហ កម្ម​ Kaesong។ តំបន់​​នេះ​ត្រូវ​​​បាន​ព្យួរលែង​​ដំណើរការ តាំងតែ​ពី​ដើម​ខែ​មេសា​​មក បន្ទាប់​ពី​ក្រុងព្យុងយ៉ាង បាន​ទទួល​ទណ្ឌកម្ម​​ថ្មីទៀតពី​អង្គការ​សហប្រជាជាតិ។គួររំលឹកថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង ​ទៅ កូរ៉េ​​ខាងត្បូង​បាន​ដាក់​កំហិត​២៤​ម៉ោង​ដល់​កូរ៉េ​ខាងជើង​ អោយ​ចរចា​លើតំបន់​ Kaesong ជាមួយ​ខ្លួន។

កាល​ពី​ថ្ងៃ​សៅរ៍​​ បុគ្គលិក​បំរើការងារ​​អោយ​សហគ្រាស​​កូរ៉េ​ខាងត្បូង​នានា នៅ​​តំបន់​ឧស្សាហកម្ម​ Kaesong ១២៦​នាក់ ក្នុង​នោះ​មាន​ជនជាតិចិន​ម្នាក់ ​បាន​ចាកចេញ​ពី​តំបន់​នេះ ធ្វើដំណើរ​​ឆ្ពោះ​​ទៅកាន់​​​​កូរ៉េ​ខាងត្បូង​​ ដោយ​ឆ្លងកាត់​​​តាម​កន្លែងត្រួតពិនិត្យ​ Paju ដែល​ជា​ខ្សែ​បន្ទាត់​បែងចែក​ទឹកដី​កូរ៉េទាំងពីរ។ ហើយ​បុគ្គលិក​បំរើការ​​​សេសសល់​ជាង​៥០នាក់​ផ្សេងទៀត ត្រូវ​ចាក​ចេញ​អស់​ពី​តំបន់​ឧស្សាហកម្ម​ Kaesong នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ។

នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ ក្រុងសេអ៊ូល​បាន​​​ប្រាប់​ក្រុងព្យុងយ៉ាង​​ថា ​​នឹង​​បញ្ជូន​​មនុស្ស​​៥០​នាក់​ ​ដូចដែល​បាន​គិតទុក អោយ​មកកាន់​​តំបន់​ Kaesong​ វិញ​​ ប៉ុន្តែ​កូរ៉េ​ខាងជើង​នៅតែ​​ពុំទាន់​​ផ្តល់​ការ​យល់ព្រម​​ទៅ​តាម​សំណើ​របស់​ កូរ៉េ​ខាងត្បូង។

ដោយឡែក​ ក្រុងព្យុងយ៉ាង​​បាន​ចោទ​ក្រុង​សេអ៊ូល​សារជាថ្មី​​​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ជាអ្នក​ទទួលខុសត្រូវ​លើ​​វិបត្តិទាំងអស់​​​នេះ ហើយ​​ព្រមាន​​ថា​នឹង​ដាក់​វិធានការ​ចាំបាច់​​​ ប្រសិន​បើ​ក្រុងសេអ៊ូល​នៅ​​​បន្ត​ធ្វើ​អោយ​ស្ថានភាព​កាន់​តែ​ដុន​ដាប​ ខ្លាំង។

គួររំលឹកឡើងវិញ​ថា ​​តំបន់​ឧស្សាហកម្ម​ Kaesong ​បាន​​​បង្កើត​​​ក្នុងទស្សវត្សរ​ឆ្នាំ ២០០០ ​​​ជា​តំបន់​សេដ្ឋកិច្ច​តំណាង​​​​​ការទូត​រវាង​​​កូរ៉េ​ទាំងពីរ។ ក្នុង​ឆ្នាំ​២០១២​ កន្លងទៅ​ សកម្មភាព​​​តំបន់​នេះ ​​បាន​ផ្តល់​ជា​ចំណូល​ទឹកប្រាក់​​ជាង​ ៤៦៩ លាន​ដុល្លារ។ ការដកបុគ្គលិកការងារ​កូរ៉េ​ខាងត្បូង​ចេញ​ពី​​​​តំបន់​ឧស្សាហកម្ម​ Kaesong អាច​នឹង​​ធ្វើ​អោយ​តំបន់​នេះត្រូវ​​បិទ​ទ្វារ​​ជាស្ថាពរ។

អ្នកវិភាគ​នានា​រំពឹង​ថា នៅ​ពេល​​តំបន់​នេះ​លែងមាន​សកម្មភាព​សេដ្ឋកិច្ច​​ទៀត​នោះ​​ ​​កូរ៉េ​ខាង​ជើង​នឹង​ដាក់​កងទ័ព​ខ្លួន​​នៅ​ទីនោះ។ ហើយ​ស្ថានភាពយោធា​ថ្មី​​នេះគឺ​មាន​លក្ខណៈ​ដូច​ជា​ស្ថាន ភាពយោធា​ នៅ​មុន​ពេល​ដែល​តំបន់​ឧស្សាហកម្ម​ Kaesong ត្រូវ​បាន​បង្កើត​អញ្ចឹងដែរ។ ពោល​គឺ​ជា​​ការ​គំរាម​ដល់​ក្រុងសេអ៊ូល។​​

ផ្ទុយទៅវិញ ការបិទ​លែង​អោយ​​តំបន់​ឧស្សាហកម្ម​ Kaesong ដំណើរការ​ គឺ​ធ្វើអោយ​​កូរ៉េ​ខាងជើង​​​​​ខាតបង់។​ ព្រោះថា តំបន់​ឧស្សាហកម្ម​ Kaesong ​​ជា​ប្រភព​ចំណូល​សំរាប់​ជាតិ​ខ្លួន។ កូរ៉េ​ខាង​ជើង​ជួបការ​ខ្វះខាត​ធ្ងន់ធ្ងរ​ផ្នែក​ស្បៀងអាហារ ដោយសារ​តែគ្រោះធម្មជាតិ​ និង​​​​ការ​គ្រប់គ្រង​​​កសិកម្ម​​មិន​បាន​ល្អ។​​ នា​ពាក់កណ្តាល​ទស្សវត្សរ​ឆ្នាំ ៩០ ជនជាតិ​កូរ៉េ​ខាងជើង​ពីរលាន​នាក់​បាន​ស្លាប់​ដោយសារ​តែ​​គ្រោះ​អត់ឃ្លាន។

នៅ​ថ្ងៃ​ចន្ទនេះ ប្រមុខ​ការទូត​កូរ៉េ​ខាងត្បូង​បាន​​ផ្តល់​​ឧកាស​សារជាថ្មី​ដល់​ ក្រុងព្យុងយ៉ាង ដោយប្រាប់​ថា ទ្វា​នៃការ​ចរចា​​លើ​អនាគត​តំបន់​​​ Kaesong នៅបើក​ចំហរ​នៅឡើយ។​ ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​​ត្រូវ​តែ​​​សំរេច​ចិត្ត​​អោយ​បានឆាប់​រហ័ស​​ ព្រោះថា​ការពន្យាពេល​ អាច​នឹង​ធ្វើ​អោយ​ការ​បាត់បង់​សេដ្ឋកិច្ច​​ពិបាក​នឹង​​កែកុន​ឡើងវិញ​៕​ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close