ពលរដ្ឋរងគ្រោះក្នុង​ជម្លោះ​ដីធ្លីគ្រោងតវ៉ា​នៅ​ស្ថានទូតចិន

ប្រជាពលរដ្ឋ នៅតាម​បណ្តា​សហ​គន៍​មួយចំនួន ដែល​បាត់​បង់ធ្លី​ស្រែចំការ និង​លំនៅដ្ឋាន ដោយសារតែ​ការវិនិយោគទុន​របស់​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា គ្រោង​នឹង​ជួបជុំ​តវ៉ា និង​ដាក់​ញ្ញាតិ នៅ​ស្ថានទូត​ចិន ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​ប្រធានាធិបតី​។​
​    ​
​តំណាង​ ប្រជាពលរដ្ឋ​មកពី​ឃុំ​ជីខ​លើ និង​ជីខ​ក្រោម ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​បាត់បង់​ដីធ្លី​ស្រែចំការ ដោយសារ​តែ​ការអភិវឌ្ឍ​គ្មាន​តម្លាភាព របស់​ក្រុមហ៊ុន​ចិន នៅពេលនេះ បាន​មក​ដល់​រាជធានី​ភ្នំពេញ ហើយ​ពួកគាត់​ក៏​បាន​មក​ចូលរួម នៅក្នុង​វេទិកា​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​អាស៊ាន​ផងដែរ​។​
​    ​
តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជីខ​លើ ស្រុក​ស្រែអំបិល បាន​និយាយថា ពួកគាត់ ដែល​បាត់បង់​ដីស្រែ​ចំការ​រាប់រយ​ហិច​តា ដោយសារ​តែ​ក្រុមហ៊ុន​ចិន សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក រឹបអូស​យក​ដី​របស់​ពួកគាត់ ទៅ​ដាំ​អំពៅ សម្រាប់​ផលិត​ស្ករស ឲ្យ​ប្រជាកសិករ​ទាំងនោះ គ្មាន​ដីស្រែ ធ្វើ​កសិកម្ម ប៉ះពាល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។

ដូច្នេះ​ពួកគាត់ គ្រោង​នឹង​ជួបជុំ​តវ៉ា និង​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា ក្នុងពេល​ប្រធានាធិបតី​ចិន បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣០​មីនា ដល់​ថ្ងៃ​ទី​២​មេសា ឆ្នាំ​២០១២​។​
​    ​
​ដោយឡែក​ប្រជាពលរដ្ឋ​បឹងកក់ នៅ​រាជធានី​ភ្នំពេញ ដែល​កើតមាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​មកហើយ ពុំមាន​ផែនការ​ធ្វើ​ការតវ៉ា នៅមុខ​ស្ថានទូត​ចិន​ឡើយ​។​

​ ​លោក​ស្រី ធីតា ឃ្លឹះ នាយិកា​អង្គការ​សីល​ការ បាន​និយាយ​​ថា ការ​ដែល​ប្រជាពលរដ្ឋ​មកពី​ស្រុក​ស្រែអំបិល ចង់​ហែ​ញត្តិ ដាក់​ជូន​លោក​ប្រធានាធិបតី​ចិន តាមរយៈ​ស្ថានទូត​ចិន ក្នុង​ដំណើរ​ទស្សនៈ​របស់​លោក​ប្រធានាធិបតី​ចិន មក​កម្ពុជា ឲ្យជួយ​រក​ដំណោះស្រាយ​នោះ គឺ​ដើម្បី​បញ្ជូន​នូវ​ព័ត៌មាន​នេះ ទៅ​ដល់​ដៃ​លោក​ប្រធានាធិបតី​ចិន​តែម្តង​។​ ដើម្បី​ឲ្យ​គាត់ ដឹង​ពី​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​ផ្ទាល់​។ ខ្ញុំ​យល់​ថា វា​ជា​ការងារ​មួយ​ល្អ ពី​ព្រោះ​ត្រូវការ​ស្តាប់​សំឡេង​ពី​ប្រជាពលរដ្ឋ​ផង​ដែរ​។​

សូមបញ្ជាក់​ថា នៅក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​ ប្រធានាធិបតី​ចិន មក​កម្ពុជា នៅពេលនេះ គឺ​រាជរដ្ឋាភិបាល នឹង​រៀបចំ​ការពារ​សន្តិសុខ​យ៉ាង​ប្រយ័ត្នប្រយែង​ជាទីបំផុត និង​មិន​អនុញ្ញាត​ឲ្យមាន​ការត​វ៉ា តាម​រំខាន​ដល់​ដំណើរ​ទស្សនៈកិច្ច​រយៈពេល ៤ ថ្ងៃ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣០​មីនា ដល់​ថ្ងៃ​ទី​២​មេសា ឆ្នាំ​២០១២ ឡើយ​៕​

Related Articles

Back to top button
Close
Close