ករុណា ពេជ្រ បាក់មុខលើឆាកតន្ត្រីទូរទស្សន៍
Cambodia News
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណាពេជ្រ បានធ្លាក់ទឹកមុខ និយាយលេងចង់ចេញបន្ទាប់ពីបទចម្រៀងរបស់លោកត្រូវបានគេចាក់ឌីសដើម្បីឲ្យលោកធ្វើមាត់តាមដែលមិនមែនជាសំនៀងផ្ទាល់នោះ មានការរអាក់រអួលបន្តិចនៅត្រឹមពាក់កណ្តាលទី ក្នុងពេលដែលលោកបានបង្ហាញវត្តមានច្រៀងនៅក្នុងឆាកតន្ត្រីរបស់ស្ថានីយទូរទស្សន៍CTN កាលពីថ្ងៃអាទិត្យ។
គ្មានអ្នកណាមួយដែលមិនដឹងទេថា នៅក្នុងពេលដែលតារាចម្រៀងរូបនេះបានបកស្រាយបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា ស្មារតីយុវជន នោះគឺលោកមិនបានច្រៀងដោយផ្ទាល់នោះទេគឺគ្រាន់ជាការធ្វើមាត់ម្ហបៗតាមការចាក់ឌីសប៉ុណ្ណោះ។ តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះ ដោយសារបញ្ហាបច្ចេកទេសបានធ្វើឲ្យមានការរអាក់រអួលបន្តិចនៅពាក់កណ្តាលទី ធ្វើឲ្យតារាចម្រៀងរូបនេះបានធ្លាក់ទឹកមុខ និងបាក់មុខមិនស្ទើរឡើយចំពោះទស្សនិកជនរាប់រយនាក់ដែលបានចូលទស្សនាដោយផ្ទាល់ និងរាប់ម៉ឺននាក់ទៀតដែលកំពុងតែទស្សនានៅតាមគេហដ្ឋាន។ទោះជាយ៉ាងណាតារាចម្រៀងរូបនេះនៅតែបន្តវត្តមានច្រៀងរហូតដល់ចប់បទដដែល។
យ៉ាងណាក៍ដោយបញ្ហាមួយនេះមិនបានបញ្ចប់ត្រឹមនេះឡើយ ដោយសារតែវីដេអូឃ្លីបរបស់លោកត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រៀត ដោយមានអ្នកខ្លះបាន សសេររិះគន់ដល់តារាចម្រៀងរូបនេះផងដែរ។
មានការលើកឡើងថា ជារឿយៗក្នុងពេលដែលបង្ហាញវត្តមានច្រៀងលើឆាកតន្ត្រីម្តងៗករុណាពេជ្រ មិនសូវជាច្រៀងដោយផ្ទាល់ឡើយ ភាគច្រើនគឺជាការចាក់ឌីសក្នុងពេលដែលលោកច្រៀងបទចេញថ្មីរបស់លោកម្តងៗ។ កក្តានេះបាននាំឲ្យមានទស្សនិកជនមួយចំនួនបានធ្វើការរិះគន់ចំពោះការខំធ្វើមាត់ត្រាប់តាមបទចម្រៀងរបស់តារាចម្រៀងរូបនេះ ក្នុងពេលដែលគេដឹងថា បទចម្រៀងនេះគ្រាន់តែជាការចាក់ឌីសនោះ។ ដោយឡែកគេសង្កេតឃើញផងដែលថា ក្នុងពេលដែលលោកច្រៀងដោយផ្ទាល់ម្តងៗនោះសម្លេងរបស់លោកគឺមិនសូវជាបានល្អ ដូចនៅក្នុងឌីសឡើយ ហើយពេលខ្លះសម្លេងរបស់លោកហាក់ស្រែកមិនដល់តុង ដូចទៅនឹងសម្លេងដែលបានថតទុកនោះឡើយ បើទោះជាបទនោះជាបទជាបទរបស់លោកក៍ដោយ។ មូលហេតុនេះអាចជាដើមចមដែលធ្វើឲ្យតារាចម្រៀងរូបនេះចង់មិនចង់បទខ្លះគឺតម្រូវឲ្យមានការចាស់ឌីជំនួសក្នុងការច្រៀងដោយផ្ទាល់នោះ។ ការឡើងច្រៀងដោយចាក់ឌីសជំនួសដោយសំនៀងផ្ទាល់នេះ ជាទូទៅគឺមិនសូវជាបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន ដូចការច្រៀងដោយផ្ទាល់ឡើយ ហើយជាញឹកញយតារាចម្រៀងមួយចំនួនតែងតែជួបនូវបញ្ហាដូចខាងលើនេះដោយចៀសមិនផុត វាមិនខុសពីអ្វីដែលពាក្យចាស់តែងតែពោលថា ដំរីជើងបួនគង់តែមានភ្លាត់នោះឡើយ។
ប៉ុន្តែគេសង្កេតឃើញថា បញ្ហាមួយនេះមិនសូវជាកើតឡើងចំពោះតារាចម្រៀងល្បីៗដូចជាលោក ព្រាប សុវត្ថិ និងលោកខេមរះ សិរីមន្តឡើយ ដោយសារតែតារាចម្រៀងទាំងពីរដួងនេះជារឿយៗតែងតែបង្ហើសំនៀងរបស់ខ្លួនដោយផ្ទាល់នៅលើឆាកតន្ត្រី ដើម្បីបំពេញបំណងទស្សនិកជនដែលគាំទ្រ។
យ៉ាងណាក៍ដោយដើម្បីគេចចេញពីភាពអាម៉ាស់នេះតារាចម្រៀងសាច់សដូចបណ្តូលចេកលោក ករុណាពេជ្រ បានបកស្រាយបញ្ហាមួយនេះតាមរយះសារមួយខ្លីដែលបានសសេរជាភាសាអង់គ្លេសបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកជុំវិញរឿងរ៉ាវមួយនេះ។
សារដែលោកសសេរជាភាសាអង់គ្លេសនោះមានន័យថា លោកមានការសោកស្តាយ និងសូមទោសចំពោះប្រិយមិត្តគាំទ្ររបស់លោក ក្នុងពេលដែលលោកឡើងច្រៀងដោយការចាស់ឌីស ដោយសារបទនេះជាបទថ្មីរបស់លោក។លោកបញ្ជាក់ថា ការសម្តែងដោយចាក់ឌីសនេះ គឺដោយសារតែលោកទើបតែផ្សព្វផ្សាយបទថ្មីនេះជាលើកដំបូង ប៉ុន្តែប្រសិនបើបទចម្រៀងរបស់លោកមួយនេះមានការចាប់អារម្មណ៍នោះ លោកនឹងព្យាយាមដើម្បីច្រៀង ដោយមិនចាក់ឌីសឡើយ។ លោកសង្ឃឹមថា ប្រិយមិត្តទាំងអស់និងបានយល់អំពីលោក៕ ស.រ