អ៊ីស្រាអែល​​ចោទ​​រដ្ឋាភិបាល​​ស៊ីរី​​ថា​បាន​​ប្រើប្រាស់​​អាវុធ​​គីមី​​

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ អ្នកទទួល​ខុសត្រូវ​ផ្នែកចារកិច្ច​​​អ៊ីស្រាអែល​មួយរូប បាន​ចោទ​​រដ្ឋាភិបាល​ស៊ីរី​​របស់​លោកអាសាដ ថា​បាន​ប្រើប្រាស់អាវុធ​គីមី​​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម ក្នុង​ពេល​កន្លង​មក។ ប៉ុន្តែ អាមេរិក​​​បាន​​​​ប្រតិកម្មតប​​ទៅ​វិញ​ថា ​​​នៅ​មិន​ទាន់​​អាច​សន្និដ្ឋាន​​បាន​នៅឡើយទេ ថា​តើរដ្ឋអំណាច​លោក​​​ អាសាដ​ពិត​ជា​បាន​ប្រើប្រាស់​អាវុធ​គីមី​មែន​រឺ​ក៏​យ៉ាងណា។

“អាសាដ​ប្រើអាវុធ​គីមី​នៅ​ស៊ីរី” នេះ​គឺ​ជា​ការសរសេរ​​​ចោទប្រកាន់​​របស់​ឧត្តមសេនីយអ៊ីស្រាអែល​​ Itaï Brun ទៅលើ​រដ្ឋាភិបាល​លោកអាសាដ នៅ​លើ​បណ្តាញសង្គម​ Tweetter ផ្លូវការ​របស់​ទ័ពអ៊ីស្រាអែល។

​លោក​ Itaï Brun ជា​ប្រធាន​​មន្ទីរ​​វិភាគ​ស្រាវជ្រាវ​​នៃ​ផ្នែក​ចារកិច្ច​កងទ័ព​អ៊ីស្រាអែល​ បាន​ចេញ​សេចក្តី​សន្និដ្ឋាន​ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ចោទ​ប្រកាន់​​រដ្ឋាភិបាល​ស៊ីរី​ថា បាន​ប្រើប្រាស់​អាវុធ​គីមី ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​​ក្រុម​ឧទ្ទាម​​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយនេះ។

​​​យោងតាម​កោសលវិច័យ​​​ផ្នែកចារកិច្ច​​​​អ៊ីស្រាអែល រន្ធប្រស្រីភ្នែក​របស់​​ជនរងគ្រោះ​បាន​ត្រូវ​បង្រួញ​ខ្លី ហើយ​មាន​ពពុះ​មាត់​និង​សញ្ញាផ្សេងៗទៀត​ដែល​​បង្ហាញ​​ថា គឺ​បង្កឡើង​ដោយ​​អាវុធ គីមី​​​​ដែល​​​​រដ្ឋអំណាច​ប្រធានាធិបតី​​អាសាដបាន​ ប្រើប្រាស់​។

ប៉ុន្តែ​អាមេរិក​បាន​តបទៅវិញ​ថា អាមេរិក​គាំទ្រ​ការ​ស៊ើបអង្កេត​របស់​អ៊ីស្រាអែល​ ប៉ុន្តែ​អាមេរិក​​មិន​ទាន់អាច​សន្និដ្ឋាន​​ដូច​អ៊ីស្រាអែល​​បាន​នៅឡើយ​ទេ។ អ្នកនាំពាក្យ​សេតវិមាន លោក Jay Carney ​បាន​ប្រាប់​ថា អាមេរិក​នឹង​ធ្វើការ​ស៊ើបអង្កេត​ផ្ទៀងផ្ទាត់​នូវ​ការ​សន្និដ្ឋាន​របស់​ អ៊ីស្រាអែល​។ ទន្ទឹម​នេះ​ដែរ ​ប្រមុខការទូត​អាមេរិក​ Jonh Kerry បាន​ប្រាប់​ថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu មិន​បានបញ្ជាក់​​ប្រាប់​លោក​ អំពី​​ការ​ដែល​ថា​ប្រធានាធិបតី​អាសាដ​បាន​ប្រើប្រាស់​​អាវុធ​គីមី នៅ​ស៊ីរី​នោះ​ឡើយ។ អ្នកនាំពាក្យរបស់​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​បដិសេធ មិន​​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​បញ្ហា​នេះ។

គួររំលឹកឡើង​វិញ​ថា ក្រុង​Washington ធ្លាប់​បាន​ព្រមាន​រដ្ឋាភិបាល​ស៊ីរី​​ថា ​​ត្រូវ​តែ​ទទួលខុសត្រូវ​​ប្រសិន​បើ​​ស៊ីរី​​​​ប្រើប្រាស់អាវុធ​គីមី។ កាលពី​ថ្ងៃ​១៨ មេសា កន្លងទៅ អាមេរិក​បាន​ប្រាប់​ថា ខ្លួន​​​កំពុង​ស៊ើប អង្កេត​​​​​រក​មើល​ថា​​ តើ​មាន​ការ​ប្រើប្រាស់​អាវុធ​គីមី​ជា​យថាហេតុ​ណាមួយ​ នៅ​ស៊ីរី​ដូច​​ជាការ​ចោទ​ប្រកាន់​របស់បណ្តា​បស្ចិម​ប្រទេស​ដែរ​រឺទេ។

កន្លង​មក បារាំង​និង​អង់គ្លេស​បាន​​រាយការណ៍​ទៅ​​អង្គការ​សហប្រជាជាតិ​ថា ​​ការ​ត្រួតពិនិត្យ​និង​ការ​សាកសួរ​សាក្សី​និង​ក្រុម​ឧទ្ទាម​ជាច្រើននាក់ បាន​បង្ហាញ​ថា មាន​ការ​ប្រើប្រាស់​នូវ​ជាតិ​​ពុលដល់​សសៃប្រសាទ​​​​ នៅ​​ក្រុង​អាឡេប និង​​ក្រុង​​ហ៊ម ក្នុង​ប្រទេស​ស៊ីរី៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close