សំណុំរឿងលោក ឈូក បណ្ឌិត នឹងត្រូវមកជំនុំជម្រះថ្ងៃទី ២១ ឧសភា
Cambodia News
ស្វាយរៀង ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ក្រុមមន្ត្រីសាលាដំបូងខេត្ត ស្វាយរៀង បានឲ្យដឹងថា នឹងលើកយកសំណុំរឿងលោក ឈូក បណ្ឌិត មកធ្វើការជំនុំជម្រះឡើងវិញ តាមការជម្រុញរបស់សាលាឧទ្ធរណ៏ បន្ទាប់ពីតុលាការនេះ បានទម្លាក់ការចោទ អតីតចៅហ្វាយក្រុងបាវិតរូបនេះ ទាក់ទងការបាញ់ទៅលើកម្មករកាលពីឆ្នាំទៅនោះ។

លោក លាង សួគិ ដែលជាចៅក្រមស៊ើបសួរលើសំណុំរឿងនេះ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា «សំណុំរឿងរបស់លោក ឈូក បណ្ឌិត នឹងបើកសវនាការនៅថ្ងៃទី ២១ ខែ ឧសភា»។ គម្រោងបើកសវនាការជាថ្មីនេះ បានធ្វើឡើងបន្ទាប់ពីមានការជម្រុញពីសាលាឧទ្ធរណ៏ កាលពីខែ មិនា ក្រោយពីបានបើកសវនាការ លើសំណុំរឿងដ៏ចម្រូងចម្រាសនេះ។
លោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត ត្រូវបានសាក្សីជាច្រើន រួមទាំងលោកឧបនាយករដ្ឋមន្រ្តី ស ខេង ផង អះអាងថា គឹជាជនសង្ស័យតែម្នាក់គត់ដែលបានបាញ់ធ្វើឲ្យកម្មការិនីនៃរោង ចក្រ កៅវ៉េ យ៉ាងហោចណាស់៣នាក់ រងបួសធ្ងន់ អំឡុងកូដកម្មអហិង្សាមួយ កាលពីខែ កុម្ភៈ ឆ្នាំ២០១២កន្លងទៅ ៕