អគ្គមេបញ្ជាការកងទ័ពប្រទេសសមាជិកអាស៊ានរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការតំបន់
នៅថ្ងៃទី ២៩ មីនា ២០១២ នេះបណ្តាមេបញ្ជាការជាន់ខ្ពស់នៃប្រទេស ជាសមាជិកអាស៊ាន បានមកជួបជុំពិភាក្សាគ្នា ប្រយោជន៍ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ ក្នុងគោលដៅដំណើរឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០១៥។
អគ្គមេបញ្ជាការកងទ័ព នៃប្រទេសអាស៊ានទាំង ១០ បានបើកកិច្ចប្រជុំក្រៅផ្លូវការ នៃអគ្គមេបញ្ជាការកងទ័ពអាស៊ាន ហៅកាត់ថា ACDFIM លើកទី៩ ដើម្បីឆ្លើយតប ចំពោះការគំរាមកំហែង ផ្នែកសន្តិសុខ ក្នុងតំបន់ និងពិភពលោក ។
លោក ប៉ុល សារឿន នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទ បានសម្តែងការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ របស់បណ្តាអគ្គមេបញ្ជាការនៃប្រទេសជាសមាជិកអាស៊ានទាំង៩ផ្សេងទៀត ដែលចង់ឲ្យតំបន់អាស៊ានក្លាយជាកន្លែងមានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ។
កិច្ចប្រជុំនេះ ក៏ពិភាក្សាគ្នា អំពីផែនការចំនួនពីរឆ្នាំ ក្នុងឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៤ និងធ្វើកិច្ចសហប្រតិបត្តិការគ្នា រវាងកងទ័ព និងកងទ័ព ដូចជាការ ធ្វើលំហាត់ផ្នែកជួយសង្រ្គោះ មហន្តរាយ ការទប់ស្កាត់ឧក្រិដ្ឋកម្មសង្រ្គាម ឬចោរសមុទ្រ និងកិច្ចការផ្សេងៗទៀត ក្នុងបណ្តាកងទ័ពអាស៊ាន៕