ដាក់បញ្ចាំងភាពយន្តស្តីពីស្ថានភាពលំបាករបស់ស្ត្រីផ្សព្វផ្សាយស្រាបៀរ
នៅព្រឹកថ្ងៃទី ២៨ មីនា ២០១២ ភាពយន្តនិយាយពីស្ថានភាពលំបាករបស់ស្ត្រីផ្សព្វផ្សាយស្រាបៀរដែលមានរយៈពេល ១៥នាទី នឹងដាក់បញ្ចាំងនៅមជ្ឈមណ្ឌលវប្បម៌ជប៉ុន។ ខ្សែភាពយន្តនោះត្រូវបានរៀបចំឡើងកាលពីចុងឆ្នាំ ២០១១ ដោយសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា។
ខ្សែភាពយន្តឯកសារខ្នាតខ្លីនេះ បានបង្ហាញពីការងាររបស់ស្ត្រីផ្សព្វផ្សាយស្រាបៀរ ដើម្បីប្រាប់សាធារណជនគ្រប់រូប ឲ្យដឹងពីផលវិបាកនៅខាងក្រោយក្រុមស្ត្រីផ្សព្វផ្សាយស្រាបៀរ ដែលនាងត្រូវបានអតិថិជនមើលងាយ ដូចជា ត្រូវគេបៀតបៀនរូបរាងកាយ និងត្រូវគេបង្ខំឲ្យផឹកស្រាបៀរ ជាដើម។
សព្វថ្ងៃ មានស្ត្រីផ្សព្វផ្សាយស្រាបៀរ ឬស្ត្រីឡង់សេស្រាបៀរ ប្រមាណ ៥.០០០ ទៅ ៦.០០០ នាក់។ ចំណែកប្រាក់ខែរបស់ស្ត្រីផ្សព្វផ្សាយស្រាបៀរ ត្រឹមតែ ៥០ ទៅ ៦០ ដុល្លារប៉ុណ្ណោះ។ ដូច្នេះហើយស្ត្រីផ្សព្វផ្សាយស្រាបៀរ ត្រូវបង្ខំផឹកស្រាបៀរជាមួយអតិថិជន ដើម្បីបានលុយធីប និងបានភាគរយពីក្រុមហ៊ុនស្រាបៀរ។
ស្ត្រីផ្សព្វផ្សាយស្រាបៀរមួយចំនួនមានការប្រើប្រាស់នូវគ្រឿងញៀន ក្រៅពីនោះស្ត្រីផ្សព្វផ្សាយស្រាបៀរក្នុងប្រទេសកម្ពុជា ទទួលរងនូវការរំលោភសិទ្ធិការងារ អំពើហិង្សា ការរួមភេទដោយបង្ខំ ដែលជាកត្តាធ្វើឲ្យឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺវិជ្ជាជីវៈ។ ស្ត្រីផ្សព្វផ្សាយស្រាបៀរ ក៏ប្រឈមនឹងការបៀតបៀនផ្លូវភេទ ការប្រឈមមុខគ្មានការងារធ្វើនៅថ្ងៃអនាគត និងការមិនឲ្យតម្លៃទៅលើការងារ ជាដើម៕