រាស្រ្តមិនខ្វល់់ថាតើនរណាជាចៅហ្វាយក្រុងថ្មីនោះទេ
ភ្នំពេញ៖ នរណាក៏ដោយ បើទោះជាមនុស្សជំនាន់ថ្មី ឬក៏ជាអតីតមន្រ្តីកម្មុយនិស្តផ្តាច់ការក៏ដោយ ហើយបានធ្វើជាចៅហ្វាយក្រុងនៃសម័យកាលទំនើប រាស្រ្តមិនខ្វល់ទេ ឲ្យតែលោកចៅហ្វាយក្រុងថ្មី និងមន្រ្តីរបស់ខ្លួននោះមិនធ្វើឲ្យរាជធានីភ្នំពេញក្លាយជា៖
១. ឋានសួគ៌របស់ចោរប្លន់
២. ទីលានប្រណាំងរថយន្តរបស់កូនអ្នកមាន និងកូនលោកធំ។
៣. ទីក្រុងដែលនរគរបាលចរាចរ និងនរគរបាលចល័ត (ក្រុមខ្លាហោះ) ចាប់ទារលុយឆៅៗពីអ្នកបើកម៉ូតូ និងរថយន្តតូចធំ ជាសាធារណៈ
ជាងនេះទៅទៀតត្រូវដោះស្រាយបញ្ហាដីបឹងកក់និងបូរីកីឡាយឲ្យហើយៗទៅ បើមិនអញ្ចឹងទេនាំឲ្យមានបាតុកមកម្មមិនចេះចប់ ហើយធ្វើឲ្យអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិខ្លះចេះតែរិះគន់រាជរដ្ឋាភិបាលពីរឿងរំលោភយកដីរាស្រ្តពីសំណាក់ឈ្មួញនោះ។
ក្រោយពីចូលឆ្នាំខ្មែរហើយ លោក ប៉ា សុជាតិវង្ស បានឡើងជាអភិបាលរាជធានីភ្នំពេញជំនួសលោក កែប ជុតិមា។ មុននេះ លោក ប៉ា សុជាតិវង្ស ជាអភិបាលរងរាជធានីភ្នំពេញ តែឥឡូវបានឱកាសធ្វើជាអភិបាលមុនចូលនិវត្ត។ ទាំងលោក ប៉ា សុជាតិវង្ស និងលោក កែប ជុតិមា ជាសហការីនឹងគ្នា ដោយជាអតីតមន្រ្តីកម្មុយនិស្តនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។
កាលនៅជាអភិបាលរង លោក ប៉ា សុជាតិវង្ស ត្រូវបានគេមើលឃើញថា មានទ្រព្រសម្បត្តិបង្គួរហើយ ហើយគេចាំមើលថា តើទ្រព្រសម្បត្តិនោះនឹងកើនឡើង ឬក៏អត់បន្ទាប់ពីអាណត្តិរបស់ខ្លួនជាអភិបាល ព្រោះថា លោក កែប ជុតិមា ត្រូវបានគេមើលឃើញថា មានទ្រព្រសម្បត្តិក្រាស់ក្រែលដែរ បន្ទាប់ពីធ្វើជាចៅហ្វាយក្រុងជាងពីរអាណត្តិកន្លងមក។ រឿងទ្រព្រសម្បត្តិកើន ឬមិនកើន ឬក៏ពុករលួយ មិនពុករលួយនោះ វាអាស្រ័យលើអង្គភាពប្រឆាំងអំពើពុករលួយ តែរាស្រ្តសូមផ្តាំថា បើបានហូបចុកខ្លះ សូមកុំឲ្យរាជធានីនៅតែជាចំណុចបីខាងលើ៕ (អត្ថបទទស្សនៈ)