គណបក្សប្រឆាំងប្រកាសធ្វើបាតុកម្មទាមទារឱ្យ គ.ជ.ប កែសម្រួលនីតិវិធីបោះឆ្នោត
Cambodia News
ភ្នំពេញ៖ គណបក្សប្រឆាំងសង្គ្រោះជាតិ បានឲ្យដឹងតាមរយៈសេចក្ដីប្រកាសមួយនៅថ្ងៃទី១៨ មេសា ថា នឹងរៀបចំធ្វើមហាបាតុកម្មអហិង្សា ដើម្បីទាមទាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ទទួលយកអនុសាសន៍នានា ជុំវិញដំណើរការរៀបចំការបោះឆ្នោត។
មហាបាតុកម្មរបស់បក្សប្រឆាំង នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ មុននឹងដើរហែក្បួន នៅទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ទទួលយកអនុសាសន៍របស់តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
លិខិតមួយច្បាប់របស់គណបក្ស សិទ្ធិមនុស្សដែលស្នើសុំសាលារាជធានីអនុញ្ញាតឱ្យពួកគេរៀបចំពិធី នោះ បានឱ្យដឹងថា អ្វីដែលពួកធ្វើគឺចង់ឲ្យ គ.ជ.ប រៀបចំធ្វើការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតសារឡើងវិញ ព្រមទាំងចាត់វិធានការគ្រប់បែបយ៉ាងធានាអំពីយន្តការ និង នីតិវិធីសម្រាប់បម្រើការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឲ្យ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងដោយស្មើភាពគ្នាស្របតាមបទដ្ឋានអន្តរជាតិ។
ទាក់ទងនឹងការរៀបចំធ្វើមហាបាតុកម្មនេះ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា គណបក្សប្រឆាំង ចង់ធ្វើបាតុកម្ម ចង់បានអី ត្រូវអនុវត្តទៅតាមច្បាប់ ស្តីពី បាតុកម្ម ពុំអាចធ្វើអ្វីដោយខុសច្បាប់បាននោះទេ។
លោក ទេព នី បានគូសបញ្ជាក់ថា «នាំគ្នា មកបង្ខំឲ្យគ.ជ.ប. ធ្វើខុសច្បាប់មិនអាចធ្វើបានទេ គាត់ (គណបក្សប្រឆាំង)ធ្វើការងារ ដែលគាត់ចង់បាន ហើយគ.ជ.ប. ក៏មានសិទ្ធិធ្វើការសម្រេចចិត្តនៅក្នុងច្បាប់ ដែលជាសមត្ថកិច្ច របស់ខ្លួនដែរ»៕