នាយករដ្ឋមន្ត្រី៖ អ្នកជេរប្រទេចបណ្តាសារ គណបក្សប្រជាជនគឺអាចរស់នៅជាមួយគ្នាបានទាំងអស់
Cambodia News
ភ្នំពេញ៖ នៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមា វត្ដ អម្ពិលវ័ន្ដ ស្ថិតនៅឃុំវាលពង់ ស្រុក ថ្ពង ខេត្ដកំពង់ស្ពឺ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា អ្នកដែលជេរប្រទេចបណ្តាសារ មកលើគណបក្សប្រជាជនកម្ពុជា គឺអាចរស់នៅជាមួយគ្នាបានទាំងអស់ខុស ស្រឡះ ពីមេដឹកនាំគណបក្សប្រឆាំងមួយរូប ដែលកំពុងតែនិរទេសខ្លួន ទៅក្រៅប្រទេសហើយសង្ឃឹមថា ខ្លួននឹង ជាប់ឆ្នោតនោះ នឹងយកសមាជិករាជរដ្ឋាភិបាលមួយចំនួន ទៅកាត់ទោស។

លោក ហ៊ុន សែន បន្តថា នៅថ្ងៃទី១៧ មេសាមានមេដឹកនាំគណបក្សប្រឆាំងមួយបានស្រែកតាមវីដេអូខនហ្វើរិន នៅក្នុងពិធីរំលឹកខួបអ្នកស្លាប់ ក្នុងសម័យខ្មែរក្រហមនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ថា ខ្លួននឹងជាប់ ឆ្នោតធ្វើជានាយករដ្ឋមន្រ្តីនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ ហើយនឹងយកមន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ទៅ កាត់ទោស ។
លោក សម រង្ស៊ី បានថ្លែងតាមរយៈវីដេអូខនហ្វើរិននោះបន្តថា ឆ្នាំក្រោយ រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន ដែលលោកសមរង្ស៊ី ហៅថាជនឧក្រិដ្ឋ មានតំណែងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងនាយករដ្ឋមន្ត្រីជាដើម នឹងមិនរួចផុតពីការកាត់ទោសឡើយ៕