​ភូមិ​ខ្មែរ​បូរាណ​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត

សំ ច័ន្ទម៉ាលីនី និង អាន ដាញ់ស៊ីប៉ូ

ភ្ញៀវរទេសចរបរទេសនៅថ្ងៃទី ១៣ មេសា បានចូលទស្សនាភូមិខ្មែរបូរាណនៅក្នុងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
ភ្ញៀវរទេសចរបរទេសនៅថ្ងៃទី ១៣ មេសា បានចូល​ទស្សនា​ភូមិ​ខ្មែរ​បូរាណ​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត។ រូប Cambodia News

សៀមរាប៖ ភូមិខ្មែរមួយដែលមានផ្ទះបុរាណជាច្រើនខ្នងជាមួយនឹងរចនាបទ​ខុសៗគ្នាចំនួន៨ ​​ត្រូវ​បានរៀបចំឡើង ​និងដាក់​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ខាងមុខនេះ នៅតំបន់ប្រាសាទអង្គរខេត្ត​សៀមរាប បរិវេណខាងជើងប្រាសាទបាយ័ន ឈាង​ទីលាន​ជល់​ដំរី។

ផ្ទាំងទស្សនីយភាព «ភូមិខ្ញុំ» មាន​ដាក់បង្ហាញ ​ផ្ទះមន្ត្រី និងផ្ទះសេដ្ឋីដែលសាងសង់ពីឈើនិងមានដំបូលជាសណ្ឋានប្រក់ក្បឿង ព្រមទាំងផ្ទះអ្នកភូមិ ដែល​​សាង​សង់ពីស្បូវនិងស្លឹកត្នោត រួមទាំងវត្ថុប្រើប្រាស់ជាច្រើនទៀត ។ មិ​នត្រឹមតែមានជាផ្ទះបុរាណនោះទេ នៅ​ក្នុង«ភូមិខ្ញុំ» ក៏មានរៀប​ចំជាការ​សម្តែង​ពី​ជីវភាព​រស់​នៅរបស់ប្រជាជនខ្មែរក្រោយសម័យអង្គរ សកម្មភាពទីផ្សារលក់ដូរ ក៍ដូចជា គ្រឿងបុរាណ សម្រាប់ដាក់តាំងលម្អក្នុងផ្ទះ។ ក្នុងនោះមាន​ជា​ការ​បង្ហាញ​សិល្បៈ​ខ្មែរ និងក្បាច់គុណបុរាណ ព្រមទាំងមានការបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនតាមប្រពៃណីខ្មែរ។

លោក សេក សាវុធ​ ប្រធានគណៈកម្មាធិការរៀបចំមហោស្រពទស្សនីយភាព និងភូមិខ្មែរ «ភូមិខ្ញុំ» បានលើកឡើងថា ភូមិខ្មែរនេះសំដៅ​លើ​គំរូ​ផ្ទះ​ខ្មែ​រនា​សម័យ​កាលក្រោយអង្គរ ហើយភូមិខ្មែរបុរាណដែលនឹងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អាចក្លាយជាទស្សនីយភាពមួយដែលអាច​នាំអារម្មណ៍​ភ្ញៀវ​ទេសច​រ​ចូល​​ទៅក្នុងអតីតកាលរាប់សតវត្សរ៍កន្លងមក​ដោយសារតែភូមិខ្ញុំត្រូវបានស្ថាបនាឡើងតាមបែបរចនាបទខ្មែរបុរាណ។ លោកបាននិយាយថា៖​ “ការរៀបចំឲ្យមានផ្ទះបុរាណនេះឡើង​​គឺចង់បញ្ជាក់ពីការចូល​ឆ្នាំរបស់ខ្មែរយើង សំខាន់អោយកូនខ្មែរយល់ពីអត្តសញ្ញាណខ្មែរយើងពីដើមមកតើមានអ្វី”។

លោកបានបន្ថែមថា មកទល់នឹងថ្ងៃនេះ ការសាងសង់និងការរៀបចំភូមិនេះ​មានរយៈពេល៣សប្តាហ៍មក​ហើយ និងបានសម្រេចជិត ១០០% ហើយ​ ដោយ​មិន​មាន​ជួបផលលំបាកអ្វីជាចម្បងនោះទេ ហើយភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចចូលរួមទស្សនាដោយសេរី ដើម្បីបានយល់ដឹងបន្ថែមពីស្ថាបត្យកម្ម និង​រចនាបទ​បុរាណ​ខ្មែរនាសម័យឧត្តុង្គ។

ផ្ទះ​ខ្មែរ​បូរាណ​ដាក់​បង្ហាញ​​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​អង្គរសង្ក្រាន្ត។
ផ្ទះ​ខ្មែរ​បូរាណ​ដាក់​បង្ហាញ​​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​អង្គរសង្ក្រាន្ត។ រូប Cambodia News

គួរ​បញ្ជាក់ដែរ​ថា ការរៀបចំភូមិ​​ខ្មែរបុរាណនេះគឺជាផ្នែកមួយនៃកម្មវិធីទស្សនីយភាពក្នុងចំណោម កម្មវិធី ដែលបង្ហាញពីវប្បធម៌ប្រពៃណីនិងការកម្សាន្ត​សប្បាយ​របស់ប្រជាជនកម្ពុជានៃព្រឹត្តិការណ៍​ “អង្គរ​សង្រ្កាន្ត” ជាច្រើន ដែលត្រូវបានរៀបចំឡើង​ដោយ​​​សហ​ភាព​​​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) សហការ​ជា​មួយ​​ក្រសួង ស្ថាប័នពាក់ព័ន្ធ ក៍ដូចជាវិស័យឯកជនមួយចំនួន។ ហើយមាន​យុវជនជាង ២០០០ នាក់​បាន​ស្ម័គ្រចិត្ត​ចូលរួមក្នុង​​ព្រឹត្តិការណ៍ដ៏ធំនេះ។

បើតាម​ការឲ្យ​ដឹង​ពីមន្រ្តី​រៀបចំ​កម្ម​វិធីបាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ “អង្គរ​សង្រ្កាន្ត” នេះ​​​មាន​គោល​បំណងជំរុញឲ្យមានការចូលរួមរបស់យុវជន​ឲ្យ​បាន​ផុស​ផុល​ក្នុង​ឱកាស​​អបអរ​សាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំង​ប្រមូលផ្តុំមហាជនក្នុងទ្រង់ទ្រាយធំ ដើម្បី​ចូល​រួមផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ ដែលធ្លាប់​​​រុ​ងរឿង ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ។

ដោយសារ​មានសុខសន្តិភាព​ ​និង​មាន​ការអភិវឌ្ឍ​ជាបន្តបន្ទាប់ ហើយ​បាន​ធ្វើសមាហរណកម្ម​ខ្លួន​ចូលក្នុងសហគមន៍អន្តរជាតិ ទើបប្រទេស​កម្ពុជា​មាន​ឱកាស​បានរៀបចំពិធី​ដ៏មាន​តម្លៃនេះ ដែល​ជា​ប្រយោជន៍របស់ជាតិទាំងមូល៕​​

Related Articles

Back to top button
Close
Close