លីម៉ារីណា ប្រកាសឈប់ពីសិល្បះ និងគ្រោងបើកជំនួញធំ
Cambodia News
ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូតសាច់សម៉ត់ខៃ នាង លី ម៉ារីណា បានប្រកាសជំហរដ៏គួឲ្យភ្ញាក់ផ្អើលបន្ទាប់ពីនាងបានឈានជើងជាន់ដីស្រុកខ្មែរវិញថា នាងបានសម្រេចចិត្តមិនចូលលុកលុយនៅក្នុងសង្វៀនសិល្បះបន្តទៀតឡើយ ខណះពេលដែលនាងគ្រោងនឹងបើកជំនួញមួយផ្ទាល់ខ្លួន ហើយនាងនឹងចូលរោងការនៅក្នុងដំណាច់ឆ្នាំ២០១៣ខាងមុខនេះជាមួយនឹងគូដណ្តឹងដែលជាអានិកជនខ្មែររស់នៅអាមេរិកលោក សាត ចាន់ ថន។
នេះជាការប្រកាសជំហរដ៏គួឲ្យភ្ញាក់ផ្អើលមួយសម្រាប់តារាសម្តែងរាងខ្ពស់ស្រឡះរូបនេះ បន្ទាប់ពីនាងបានសម្ងំលាក់ខ្លួនមួយរយះ ក្រោមរឿងអាស្រូវមានទំនាក់ទំនងស្នេហាជាមួយមន្ត្រីថ្នាក់ធំម្នាក់ ដែលទំនាក់ទនងលាក់កំបាំងនេះបានគំរាមកំហែងដល់អាយុជីវិតរបស់នាងថែមទៀតផង។
ទោះជាយ៉ាងណាក្រោយព័ត៌មាននេះហាក់មានការស្ងប់ស្ងាត់ទៅវិញនោះ លី ម៉ារីណា បានលេចមកសារជាថ្មី ដោយបណ្តើរជាមួយគូដណ្តឹងរបស់នាងគឺលោក សាត ចាន់ថន ដែលជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។ ការបង្ហាញវត្តមាននៅក្នុងស្រុកខ្មែរជាថ្មីរបស់លីម៉ារីណា ណាពេលនេះក្រោយពេលដែលមានដំណឹងលេចលឺថា នាងត្រូវបានទទួលការលើកលែងត្រាប្រណីពីសំណាក់នារីម្នាក់ដែលតាំងខ្លួនជាជំទាវ ដែលធ្លាប់គម្រាមផ្តាច់ជីវិតរបស់នាងនោះ។
ការបង្ហាញខ្លួនប្រកបដោយការភ្ញាក់ផ្អើលរបស់លី ម៉ារីណា នាពេលនេះ មិនត្រឹមតែដើម្បីលាងសម្អាតឈ្មោះពីរឿងអាស្រូវនោះទេ ប៉ុន្តែនាងក៍មានគម្រោងបើកជំនួញធំមួយនៅក្នុងស្រុកខ្មែរមកដែរ ។
លី ម៉ាលីណា បានអះអាងប្រាប់ក្នុងជំនួបផ្ទាល់នៅក្នុងពិធីភ្ជាប់ពាក្យរបស់កញ្ញា ភិន សុដាលីស កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣កន្លងទៅនេះថា នាងមានបំណងនិងបើកមុខជំនួញមួយនៅក្នុងស្រុកខ្មែរ ដែលជំនួញមួយនេះគូដណ្តឹងរបស់នាងកំពុងតែទំនាក់ទំនងដៃគូមិត្តភក្តិស្និតស្នាលពូកែខាងជំនួញនៅសហរដ្ឋអាមេរិក។
បើទោះបីជាជំនួញដែលគ្រោងនឹងបើកនេះមិនត្រូវបានលីម៉ារីណា បញ្ជាក់ឲ្យបានច្បាស់ក៍ដោយ ប៉ុន្តែបើតាមប្រភពដែលស្និតនឹងតារារូបនេះបានបង្ហើបថា ខ្សែចង្វាក់ពាណិជ្ជកម្មដែល ម៉ារីណា មានចំណាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺការនាំយកផលិតផលថែរក្សាសម្រស់ ដែលមានម៉ាកយីហោល្បីៗ ពីអាមេរិក មកលក់នៅស្រុកខ្មែរ។ នាងទំនងជាបើកហាងធំមួយ ដើម្បីតាំងលក់ផលិតផលទាំងនោះទៀតផង ដែលនឹងត្រូវចំណាយទុនរាប់ស៊ិបម៉ឺនដុល្លារ ។
ពាក់ព័ន្ធទៅនឹងអាជីពសិល្បះវិញ លី ម៉ារីណា មិនបាននិយាយអ្វីឲ្យបានវែងឆ្ងាយឡើយ ដោយនាងបានបញ្ជាក់ដោយខ្លីថា ការងារសិល្បះនាងនឹងមិនចូលប្រឡូកជាថ្មីឡើយ ដោយសារតែនាងត្រូវទទួលរាប់រងភារះកិច្ចការងារដែលគូដណ្តឹងរបស់នាងបានផ្តល់ឲ្យនាពេលនេះ។
ការអះអាងមិនឈានជើងចូលក្នុងសិល្បះជាថ្មីនេះត្រូវបានគិតថា លី ម៉ារីណា ហាក់នៅតែមានការខ្លាចញញើតនៅក្នុងការហក់ចូលសិល្បះជាថ្មី បន្ទាប់ពីវិថីមួយនេះបានធ្វើឲ្យនាងជួបនូវរឿងអាប់អួរ និងក្លាយជាស្រមោលតាមអន្ទងតាមប្រាណរបស់នាងនោះ។
យ៉ាងណាក៍ដោយពាក់ព័ន្ធទៅនឹងទំនាក់ទំនងស្នេហាត្រីកោណដែលបានកើតឡើងកន្លងមកនោះ លី ម៉ារីណា មិនបានធ្វើការអត្ថាធិប្បាយឲ្យបានច្បាស់ឡើយ ប៉ុន្តែគេនៅចាំបានថា ក្រោយពេលដែលនាងបានឈានជើងជាន់ដីស្រុកខ្មែរជាថ្មីនោះនាងធ្លាប់បានអះអាងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា នាងមិនមានរឿងដូចការចោទប្រកាន់នោះឡើយ ដោយនាងបានលើកហេតុផលថា រឿងរ៉ាវកន្លងមកគឺកើតចេញពីការច្រណែនឈ្នានីសដោយក្រុមមនុស្សមិនស្គាល់មុខប៉ុណ្ណោះ៕ ស.រ