នី មុន្នីនាថ គិតលុយជាធំ
Cambodia News
ភ្នំពេញ៖ ខណះពេលដែលតារាមួយចំនួនបានសម្រេចចិត្តភ្ជាប់ពាក្យ និងមួយចំនួនទៀតព្រមទទួលយកផ្កាស្លាជាផ្លូវការនោះ ប៉ុន្តែសម្រាប់តារាសម្តែងខ្មៅស្រអែមស្រស់នាង នី មុន្នីនាថ ដែលកំពុងតែឆក់យកតំណែងតួឯកជាបន្តបន្ទាប់នោះហាក់នៅមិនទាន់លេចលឺពីគម្រោងចូលរោងការនៅឡើយទេ បើទោះបីជាមុននេះមានពាក្យចចាមថា នាងកំពុងត្រៀមភ្ជាប់ពាក្យក៍ដោយ។
ត្រឹមមួយរយះចុងក្រោយនេះ នី មុន្នីនាថ ត្រូវបានគេមើលឃើញថានាងកំពុងតែឡើងកូដយ៉ាងខ្លាំងនៅក្នុងដំណើរជីវិតលើវិថីសិល្បះ បន្ទាប់ពីនាងបានទទួលតំណែងតួឯកជាបន្តបន្ទាប់មិនចាញ់តារាសម្តែងនាង សារ៉ាយ សក្ខណាឡើយ។ភាពជោគជ័យនៅក្នុងអាជីពនេះអាចជាមូលហេតុមួយចម្បងដែលធ្វើឲ្យតារាសម្តែងសម្បុរស្រអែមស្រស់ដែលពូកែបង្ហូរទឹកភ្នែករូបនេះហាក់មិនទាន់ចង់ទទួលយកផ្កាស្លាពីបុរសណាម្នាក់នៅក្នុងពេលនេះឡើយ បើទោះបីជានាងសារ៉ាយ សក្ខណា គ្រោងនឹងចូលរោងការនៅចុងឆ្នាំ២០១៣ខាងមុខនេះក៍ដោយ។
អ្នកស្រីភាលី ម្តាយនី មុនីនាថ បានអះអាង ថា រហូតមកដល់ពេលនេះកូនរបស់អ្នកស្រីនៅមិនទាន់គិតរឿងគូស្រករនៅឡើយទេ ខណះដែលអាជីពសិល្បះរបស់នាងកំពុងតែបោះជំហានទៅមុខនោះ។ អ្នកស្រីបន្តថា រឿងរៀបការសម្រាប់នី មុន្នីនាថ គឺអាចកើតឡើងនៅក្នុងរង្វង់២-៣ឆ្នាំខាងមុខទៀត ព្រោះថា កូនរបស់អ្នកស្រីចង់ប្រឡូកនៅក្នុងអាជីពសិល្បះឲ្យបានយូរបន្តិច។ ទោះជាយ៉ាងណាអ្នកស្រីទទួលស្គាល់ថា នី មុន្នីនាថ មានគេទាក់ទងមកច្រើនតែនាងនៅមិនទាន់ឆ្លើយតបជាវិជ្ជមានណាមួយទៅកាន់បុរសណាម្នាក់នៅឡើយទេ។ អ្នកស្រី ភាលី បានបញ្ជាក់ថា រឿងអាណាគតកូនសម្រាប់អ្នកស្រីគឺមិនបានជ្រៀតជ្រែកឡើយ ប្រសិនបើកូនស្រឡាញ់អ្នកណានោះគឺអ្នកស្រីមិនជំទាស់ឡើយ គ្រាន់តែក្នុងនាមជាម្តាយអ្នកស្រីត្រឹមតែជួយមើលបន្ថែមពីលើប៉ុណ្ណោះ។
យ៉ាងណាក៍ដោយរហូតមកដល់ពេលនេះកូនរបស់អ្នកស្រីនៅមិនទាន់គិតពីបញ្ហាគូស្រករនាពេលនេះឡើយ ដោយសារតែការងារសិល្បះរបស់នាងកំពុងតែមមាញឹកស្ទើរដកឃ្លាមិនបាន។អ្នកស្រីបញ្ជាក់បន្ថែមថា នី មុន្នីនាថ កំពុងតែជាប់កុងត្រាថតខ្សែភាពយន្តចំនួន២រឿងក្នុងពេលតែមួយ ហើយកុងត្រាដែលនាងមិនអាចទៅណាបាននោះគឺការថតខ្សែភាពយន្តភាគឲ្យផលិតកម្មខ្មែរមេគង្គដែលមានរយះពេលជិតមួយឆ្នាំ។ អ្នកស្រីបន្ថែមថា ទន្ទឹមនិងការទទួលយកសំណើរថតរឿង២ក្នុងពេលតែមួយនេះក៍មានផលិតកម្មមួយផ្សេងទៀតបានមកទាក់ទងឲ្យនី មុន្នីនាថ ថតផងដែរ ប៉ុន្តែដោយសារតែមិនអាចដកឃ្លាបាននោះនាងអាចនឹងច្រានចោលនូវសំណើរមួយនេះវិញ។
អ្នកស្រីបញ្ជាក់ថា ការងារសិល្បះបានធ្លាក់មកជាបន្តបន្ទាប់នេះធ្វើឲ្យកូនអ្នកស្រីមិនអាចគិតរឿងស្នេហានៅក្នុងពេលនេះឡើយ បើទោះបីជាមានបុរសមួយចំនួនបានមកទាក់ទងជាបន្តបន្ទាប់យ៉ាងណាក៍ដោយ។ ម្យ៉ាងទៀតកូនរបស់អ្នកស្រីមានភារះកិច្ចដើម្បីរកប្រាក់បង់លំលោះថ្លៃផ្ទះឲ្យបានរួចសិន មុនពេលដែលនាងសម្រេចចិត្តទទួលសយកផ្កាស្លាពីបុរសណាម្នាក់នោះ។
អ្នកស្រីបានអះអាងបន្ថែមថា ប្រសិនបើនី មុន្នីនាថ មានពិធីភ្ជាប់ពាក្យ ឬក៍រៀបការនៅថ្ងៃណានោះ គឺអ្នកស្រីនឹងមិនលាក់បាំងឡើយ៕ ស.រ