អូស្ត្រាលីជួយទឹកប្រាក់មួយលានដុល្លារដល់កម្ពុជាក្នុងការថែរក្សាបរិវេណប្រាសាទអង្គរ
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសជាលើកដំបូង រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Bob Carr ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បាននិយាយថា ប្រទេសអូស្ត្រាលីនឹងជួយនូវទឹកប្រាក់ប្រមាណជាមួយលានដុល្លារដល់កម្ពុជា ក្នុងការថែរក្សាបរិវេណប្រាសាទអង្គរជាកន្លែងដែលមានភ្ញៀវចូលទស្សនារាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។
លោកបានបន្តថា ក្រុមអ្នកជំនាញការខាងបុរាណវិទ្យាកំពុងតែរៀបចំផែនការក្នុងការ ការពារប្រាង្គប្រាសាទទាំងឡាយដែលមានចំណាស់៧០០ឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា កុំឲ្យខ្ទេចខ្ទាំដោយសារភ្ញៀវទេសចរចូលទស្សនា។ ឥឡូវនេះ លោករដ្ឋមន្ត្រីការបរទេសអូស្ត្រាលីកំពុងជួបជាមួយសមភាគីខាងកម្ពុជានៅរាជធានីភ្នំពេញផងដែរ៕