៨មេសា២០១០-៨មេសា២០១៣ ៖ ខួប៣ឆ្នាំនៃសន្ធិសញ្ញា START-3
ឧទ្ទិសដល់កាលបរិច្ឆេតខួប៣ឆ្នាំ នៃ”សន្ធិសញ្ញាថ្មីរុស្ស៊ី-អាមេរិក ស្តីអំពីការ កាត់បន្ថយតទៅទៀតសព្វាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ” របស់មហាអំណាចបរមាណូទាំងពីរ ក្រសួងការបរទេសអាមេរិក ទើបចេញផ្សាយទិន្នន័យដែលសរឲ្យឃើញថា ស.រ.អា. នៅតែបន្តមានអាវុធនុយក្លេអ៊ែរច្រើនជាងរុស្ស៊ី ទោះបីការកាត់បន្ថយវា ត្រូវភាគីអាមេរកាំងធ្វើដោយចង្វាក់លឿនជាងរុស្ស៊ីក្តី។
ជាការរំលឹកសន្ធិសញ្ញានេះដែលមានឈ្មោះថា START-3 ត្រូវបានចុះហត្ថ លេខា នៅក្រុង Prague រដ្ឋធានីTcheque កាលពីថ្ងៃទី៨មេសាឆ្នាំ២០១០ ដោយប្រធានាធិបតី ស.រ.អា. លោក បារ៉ាក់ អូបាម៉ានិងសមភាគីរុស្ស៊ីរបស់គាត់ពេលនោះ គឺលោកប្រធានាធិបតី ឌ្មីទ្រី មេដវេដេវ។ ក្រោយពីបានទទួលការឲ្យសច្ចាប័នដោយរដ្ឋសភាទាំងសងខាងមក ឯកសារនេះ បានចូលជាធរមាននៅថ្ងៃទី៥កុម្ភៈឆ្នាំ២០១១សម្រាប់អំឡុងពេល១០ឆ្នាំទៅមុខរហូតដល់ថ្ងៃ ទី៥កុម្ភៈ ឆ្នាំ២០២១ ក្នុងល័ក្ខខ័ណ្ឌដែលសុពលភាពវា អាចត្រូវពន្យារ៥ឆ្នាំទៀត។
ស្របនឹងសន្ធិសញ្ញានេះ ជាលទ្ធផលនៃការកាត់បន្ថយដោយស.រ.អា.និងរុស្ស៊ី សម្រាប់ម្ខាងៗគឺត្រូវនៅសល់៖ ក្បាលពាំរំសេវនុយក្លេអ៊ែរ កុំឲ្យលើសពី១.៥៥០ក្បាល។ កាំជ្រួចមីស៊ីល ដែលដំឡើងនៅលើដីនៅតាមនាវាមុជទឹក ព្រមទាំងយន្ត ហោះទំលាក់គ្រាប់បែកធុនធ្ងន់ដែលសុទ្ធតែផ្ទុកជាស្រេច ទៅដោយក្បាលនុយក្លេអ៊ែរនោះ ហើយអាចហោះឆ្លងទ្វីបដូចកាំជ្រួចមីស៊ីលដែរ គិតជាសរុប មិនត្រូវមានចំនួនលើសពី ៧០០ឡើយ។
រីឯ ៨០០ទៀត គឺជាកាំជ្រួចមីស៊ីលបម្រុងទុកនៅតាមទីតាំងបង្ហោះលើដី នៅតាមនាវាមុជទឹកព្រមទាំងជាយន្តហោះធុនធ្ងន់បម្រុងទុកសម្រាប់ ពាំផ្ទុកក្បាលនុយ ក្លេអ៊ែរនោះ។
តាមតួលេខក្នុងរបាយការណ៍ក្រសួងការបរទេសអាមេរិកគិតមកទល់ថ្ងៃទី១ មីនាឆ្នាំ២០១៣នេះ នៅខាងស.រ.អា. មានចំនួន ៧៩២ គឺទាំងកាំជ្រួចមីស៊ីលអន្តរទ្វីបដំឡើងជាស្រេចនៅលើដីទាំងកាំជ្រួច មីស៊ីលដែលមានដំឡើងជាស្រេចដែលនៅតាមនាវាមុជទឹកទាំងយន្តហោះ ទម្លាក់គ្រាប់បែកធុនធ្ងន់ ពាំផ្ទុកជាស្រេចទៅដោយក្បាលនុយក្លេអ៊ែរសម្រាប់ហោះឆ្លងទ្វីប។
ចំណែកនៅខាងរុស្ស៊ី គឺមានចំនួនតែជិត ៥០០ប៉ុណ្ណោះ និយាយឲ្យចំគឺ ៤៩២ រាប់ទាំងកាំជ្រួចមីស៊ីលប្រចាំការជាស្រេចនៅលើដីទាំងកាំជ្រួច មីស៊ីលនៅតាមនាវាមុជទឹកព្រមទាំងយន្តហោះប្រភេទដូចខាងអាមេរិកាំង អ៊ីចឹង។
រីឯក្បាលពាំរំសេវនុយក្លេអ៊ែរដែលប្រចាំការជាស្រេច នៅតាមកាំជ្រួចមីស៊ីលអាមេ រិកាំងវិញ គឺមានចំនួន១.៦៥៤ ក្បាល។ នៅខាងរុស្ស៊ី ក្បាលនុយក្លេអ៊ែរដំឡើងបែបនេះគឺ ១.៤៨០ក្បាល។
ចំណែកក្បាលនុយក្លអ៊ែរដែលស្ថិតក្នុងភាពបម្រុងសម្រាប់លើកវាយកមក សកម្ម ៖ នៅខាង ស.រ.អា. មានចំនួន ១.០២៨ក្បាល នៅខាងរុស្ស៊ី មាន៩០០ក្បាល។
ខាងចង្វាក់រំសាយវិញស.រ.អា.ក៏ធ្វើការកាត់បន្ថយដោយចង្វាក់លឿនជាង ដែរគឺថាតាមតួលេខក្រសួងការបរទេសអាមេរិកាំងក្នុងកន្លះឆ្នាំចុង ក្រោយ ភាគីអាមេរិក បានកំទេចក្បាលនុយក្លេអ៊ែរ អស់ ៦៨ ក្បាល រុស្ស៊ីវិញ បានកំទេចវាអស់តែ១៩ ក្បាល ប៉ុណ្ណោះ៕ដោយ កែវ ឆាយា (RFI)