ផ្តាសាយបក្សី ៖ ចិន​បន្ថែម​វិធានការ​បិទ​ទីផ្សារ​សត្វ​ស្លាប

ខេត្ត​ក្រុង​​ជា​ច្រើន​ ​នា​ប៉ែក​ខាង​កើត​ប្រទេស​ បាន​ហាម​ឃាត់​មិន​ឱ្យ​មាន​ចរាចរណ៍​លក់ដូរ​សត្វមាន់​ទា​រស់ ឬ​ស្លាប់ តាំង​ពី​ថ្ងៃ​សុក្រ​មក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរ៉ុស H៧N៩ នៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ដែល​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​៦នាក់ និង​១៨​នាក់​ឆ្លង​វីរ៉ុស​។ នៅ​ថ្ងៃ​អាទិត្យ​នេះ អាជ្ញាធរ​ក្រុង​សៀងហៃ បាន​ចាត់​វិធានការ​ថ្មី​បន្ថែម​មួយ​ទៀត ដោយ​កំណត់​ការ​ហោះហើរ​របស់​សត្វ​ព្រាប និង​ហាម​ឃាត់​មិន​ឱ្យ​​លក់​ដូរ​សត្វ​ស្លាប​ព្រៃ ដែល​បណ្តាជន​ធ្លាប់យក​មក​ធ្វើ​ជា​ម្ហូប​​អាហារ​បរិភោគ​។

បន្ទាប់​ពី​បាន​ចេញ​បំរាម​បិទ​ទីផ្សារ​​លក់​មាន់ទា​ តាំងពី​ថ្ងៃ​សុក្រ​ និង​បាន​បញ្ជា​ឱ្យ​សម្លាប់​ចោល​សត្វ​ស្លាប​ប្រភេទ​នេះ​អស់​​រាប់​សិប​ពាន់​ ក្បាល​ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​​​វីរ៉ុស​ H៧N៩ នៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ ដែល​តាម​ពិត​ទៅ​នោះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​សត្វ​ព្រាបមក នៅ​ថ្ងៃអាទិត្យ​នេះ ក្រុង​សៀងហៃ​បាន​ចេញ​ប្រកាស​តាមវេបសាយ ហាមឃាត់​ការ​ហោះហើរ​របស់​សត្វ​ព្រាប និង​ចាប់​បង្ខាំង​ទុក​បាន​ប្រមាណ​​ពីរ​លាន​ក្បាល។ ការ​លក់សត្វ​ស្លាប​ព្រៃ សម្រាប់​​ធ្វើ​ម្ហូប​ ក៏​ត្រូវ​ហាមឃាត់។ អនុញ្ញាត​ឱ្យ​បរិភោគ​តែ​ពង​សត្វ​មាន់ទា ឬ​ព្រាប​​ប៉ុណ្ណោះ ! សួន​សត្វ​ស្លាប​របស់​ក្រុងត្រូវ​បិទ​ទ្វារ​មួយ​រយៈ។ នេះ​បើ​តាម​សារព័ត៌មាន​Shanghai Daily។​

អ្នក​ទទួល​ខុសត្រូវ​សាលារៀន​​ទាំង​អស់ ក៏​បាន​ទទួល​បញ្ជា​ឱ្យ​ការពារ​សុវត្ថិភាព​សុខភាព​ដល់​សិស្សានុសិស្ស។ ទូរទស្សន៍​ជាតិ​បាន​បង្ហាញ​អំពី​យុទ្ធនាការ​បោស​សំអាត ​បាញ់​ថ្នាំសម្លាប់មេរោគ ​នៅ​តាម​ថ្នាក់​រៀន ព្រោះ​ថ្ងៃ​ចន្ទ​ស្អែក ជា​ថ្ងៃ​ចូល​រៀន​វិញ។

គិត​ចាប់​តាំង​ពី​មាន​ផ្ទុះឡើង​ជា​ថ្មី​នៃ​ជំងឺ​គ្រុន​ផ្តាសាយបក្សី ក្នុង​ឆ្នាំ​២០១៣នេះ ចិន​បាន​កត់​ត្រា​ចំនួន​​មនុស្ស ឆ្លង​វីរ៉ុស H៧N៩ ​១៨​នាក់ ជិត​ពាក់​កណ្តាល​ជា​អ្នក​រស់​នៅ​ក្នុង​សៀងហៃ ហើយ​ជាង​នេះ​ទៅ​ទៀត៤​នាក់​នៅ​ក្រុង​សៀងហៃ ក្នុង​ចំណោម​អ្នក​ស្លាប់​​ទាំងអស់​ ៦​នាក់។

សម្រាប់​អង្គការ​សុខភាពពិភពលោក​ តាំង​ពី​ថ្ងៃ​ពុធ​មក​ អង្គការ​បាន​ច្រាន​ចោល​សម្មតិកម្ម​​នៃ​គ្រោះ​ “រាតត្បាត” ​របស់​វីរ៉ុស​ H៧N៩ ដោយ​សំអាង​ថា​គ្មាន​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ទេ ដូច​វីរ៉ុស H៥N១ នៃ​ជំងឺ​គ្រុន​ផ្តាសាយបក្សីទេ។

នៅ​ក្នុង​វិចារណកថា​របស់​ទស្សនាវដ្តី Globel Time ការ​លេច​ឡើង​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នៅ​ពេល​នេះ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​គ្រោះ​ថ្នាក់ នៃ​ការ​ធ្វើ​កសិកម្ម​​-ឧស្សាហកម្មចិញ្ចឹម​សត្វ​តាម​បែប​ប្រពល​ វប្បកម្ម(បង្ខំ​ឱ្យ​បាន​ផល​ច្រើន) ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​​ដែលមាន​ទំហំ​កាន់​តែធំ​ និង​កើន​ឡើង​ជា​លំដាប់៕ ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close