និសិត្សសារព័ត៌មាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ញើសារជូនយុវជនពីបរិស្ថាន
ភ្នំពេញ៖ និស្សិតមួយក្រុមរបស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃសៅរិ៍នេះបានចូលរួមសំអាតបរិវេណជុំវិញទីធ្លាដេប៉ាតឺម៉ង់របស់ខ្លួន ដើម្បីបញ្ជូនសារទៅដល់យុវជននៅក្នុងសង្គមកម្ពុជាថា អនាម័យនិងបរិស្ថានស្អាតនាំមកនូវសុខភាពល្អ និងសេរីសួស្តី។
លោក សោម រតនា នាយកស្តីទីនៃដេប៉ាតឺម៉ង់នេះបាននិយាយថា សកម្មភាពសំអាតនេះ ក្រៅពីចូលរួមអបអរសាទរពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនោះ ក្រុមនិស្សិតដេប៉ាតឺម៉ង់ចង់បញ្ជូនសារទៅដល់យុវជនឯទៀតៗឲ្យចូលរួមក្នុងសង្គមក្នុងការងារថែរក្សាបរិស្ថាន និងអនាម័យឲ្យបានល្អ។
ដោយកំពុងតែប្រមូលសម្រាមនិងកម្ទេចកម្ទីជាមួយក្រុមនិស្សិតនិងគ្រូបង្រៀនដែរនោះ លោកបានលើកឡើងថា “បើទោះជាសកម្មភាពនេះតូចក៏ពិតមែន តែយើងចង់ផ្ញើសារជូនដល់យុវជនឯទៀតៗថា យុវជនគឺជាគំរូដ៏ល្អដែលត្រូវតែចូលរួមនៅក្នុងសង្គម ដើម្បីថែរក្សាបរិស្ថាន និងអនាម័យឲ្យបានល្អ សម្រាប់សុខភាពខ្លួនឯងផង សុខភាពគ្រួសារផង ក៏ដូចជាសុខភាពសង្គមផងដែរ”។
គួរបញ្ចាក់ដែរថា និស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍មានបួនថ្នាក់ ដែលក្នុងមួយថ្នាក់ៗមានពីនិសិត្សពី ២៧ ទៅ ៣០ នាក់។ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍គឺជាដេប៉ាតឺម៉ង់តែមួយគត់របស់ក្រសួងអប់រំដែលបាននិងកំពុងបណ្តុះបណ្តាលនិស្សិតរយៈពេលបួនឆ្នាំក្នុងការងារអាជីពសារព័ត៌មាន និងសារគមនាគមន៍ ឬការងារទំនាក់ទំនងនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ខាងក្រោមនេះជារូបភាពស្តីពីសកម្មភាពរបស់ក្រុមនិស្សិត បុគ្គលិក និងសាស្រ្តាចារ្យនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសាកល វិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃសៅរិ៍ទី ៦ មេសា ឆ្នាំ ២០១៣។