ក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រីចង់ឲ្យអាជ្ញាធរអព្យាក្រឹត
Cambodia News
ភ្នំពេញ៖ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី០៣ មេសា ២០១៣ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា លោកចង់ឲ្យបរិយាកាសនៃការបោះឆ្នោតនាពេលខាងមុខ ត្រូវធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការអំពាវនាវ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅទូទាំងប្រទេស ត្រូវធ្វើយ៉ាងណា រក្សាការពារឲ្យបរិយាកាសនយោបាយ នៅក្នុងការបោះឆ្នោតជាតិ នាថ្ងៃទី២៨ ខែកក្កដាខាងមុខឲ្យមានភាពអព្យាក្រឹត សេរី និងយុត្តិធម៌ ដើម្បីឲ្យការបោះឆ្នោតអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ។
លោក ហ៊ុន សែន បានលើកឡើងថា សិទ្ធិរបស់ប្រជាពលរដ្ឋ ត្រូវតែគោរព បើទោះបីជាពួកគាត់ស្រឡាញ់បក្សណាក៏ដោយ។ ប្រទេសយើងមានការបោះឆ្នោត រយៈពេល ២០ ឆ្នាំហើយ។ ប្រជាជនយើងក៏មានវ័យចំណាស់ខាងនយោបាយហើយដែរ។ ខ្ញុំពិតជាមានមោទនភាព ដោយឃើញថា ពីការបោះឆ្នោតមួយ ទៅកាន់ការបោះឆ្នោតមួយ ប្រជាពលរដ្ឋយើងមិនបានបែងចែក និងកាប់សម្លាប់គ្នាដោយសារការប្រកាន់និន្នាការនយោបាយ៕