សង្គមស៊ីវិលព្រួយបារម្ភ​ពីបញ្ហាជម្លោះដែនសមុទ្រ​រវាងប្រទេសនៅ​តំបន់អាស៊ាន

នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១២ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana) រាជធានី​ភ្នំពេញ។ ដែល​បាន​លើក​ឡើង​ថា នៅ​សតវត្ស​ទី​២១​នេះ គឺ​មាន​ជម្លោះ​ដែន​សមុទ្រ​រវាង​ប្រទេស​នៅ​តំបន់​អាស៊ាន​កាន់​តែ​ខ្លាំង​ឡើង ដែល​ជា​កត្តា​គួរ​ឲ្យ​ព្រួយ​បារម្ភ ពិសេស​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

​លោក ឈៀង វណ្ណារិទ្ធិ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) ​បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​២២ ខែ​មីនា អង្គការ​របស់​លោក​សហការ​ជាមួយ​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ អាស៊ី-​ឥណ្ឌា (CASS-India) នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ ស្ដី​អំពី​អាស៊ាន និង​គម្រប់​ខួប​លើក​ទី​១០ នៃ​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​ដំណើរ​ការ​របស់​បណ្ដា​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង នៅ​សណ្ឋាគារ​អ៊ីនធើ ខនធីណេនថល (Inter-Continental) ក្នុង​ទីក្រុង​ភ្នំពេញ និង​មាន​វាគ្មិន​ជាតិ ៨​រូប និង​អន្តរជាតិ ៨​រូប ចូល​រួម​ក្នុង​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ ដែល​គេ​ធ្វើ​ឡើង​ ។

លោក ឈៀង វណ្ណារិទ្ធិ បាន​បន្ត​​ថា មូលហេតុ​ចម្បង​រៀបចំ​សន្និសីទ​អន្តរជាតិ​នេះ ដើម្បី​ពិភាក្សា​គ្នា​រិះរក​យន្តការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង វា​ជា​ជម្លោះ​ដ៏​ចម្បង​មួយ​ក្នុង​អាស៊ាន ដែល​មាន​សក្ដានុពល​ធ្វើ​ឲ្យ​ផ្ទុះ​រាលដាល​នៅ​អាស៊ី​ទាំង​មូល។ ដូច្នេះ​ការ​បង្កើត​សន្តិភាព និង​យន្តការ​ដោះ​ស្រាយ​​ជម្លោះ​ផ្សេងៗ ដើម្បី​ឈាន​ទៅ​រក​ការ​ព្រមព្រៀង​រួម​មួយ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

លោក អារ៉ាតា ម៉ាហាប៉ាត្រា (Arata B. Mahapatra) ជា​នាយក​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​យុទ្ធ​សាស្ត្រ​​អាស៊ី-​ឥណ្ឌា បាន​​លើក​ឡើង​​ថា បញ្ហា​អំណាច​សមុទ្រ មាន​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​ដឹក​នាំ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ដែល​ជា​កត្តា​ដណ្ដើម​ប្រយោជន៍​ប្រកួត​ប្រជែង​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ពាសពេញ​រដ្ឋ​អធិបតេយ្យភាព​នៃ​តំបន់​សមុទ្រ។

ទាក់ទិន​នឹង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង វា​រីក​ដុះដាល​ធំ​ដំបូង​កាល​ពី​ឆ្នាំ​២០១០ ខែ​កក្កដា នៅ​ខណៈ​ដែល​វៀតណាម ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​អាស៊ាន ដែល​មាន​រដ្ឋមន្ត្រី​ការបរទេស​ចំនួន ២៧​ប្រទេស​ចូល​រួម ​មាន​ចិន កូរ៉េ​ខាង​ត្បូង អូស្រ្តាលី និង​មាន​ប្រទេស​ជា​ច្រើន​ទៀត៕

Related Articles

Back to top button
Close
Close