អភិបាលរាជធានីភ្នំពេញដាស់តឿនប៉ូលិសចរាចរណ៍ដែលការពារសន្តិសុខអាស៊ាន
នៅព្រឹកថ្ងៃទី២០ មីនា ២០១២ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានក្រើនរមឹ្លកដល់កងកម្លាំងប៉ូលិសចរាចរណ៍ រាជធានីភ្នំពេញ កុំឲ្យគំរាមកំហែង សំឡុត និងកៀបសង្កត់យកលុយពីប្រជាពលរដ្ឋ អ្នកដំណើរ។
ការលើកឡើងនេះបានធ្វើឡើង ខណៈដែលលោកអភិបាលរាជធានីភ្នំពេញ បានប្រគល់ឯកសណ្ឋានថ្មីដល់ប៉ូលិសចរាចរណ៍ចំនួនជាង ៤០០ នាក់។ កម្លាំងប៉ូលិស ដែលឯកសណ្ឋានថ្មី ដើម្បីចូលរួមការងារសន្តិសុខ សំរាប់កិច្ចប្រជុំកំពូលអាស៊ាន នាចុងខែមីនានេះ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ឯកសណ្ឋានថ្មីនោះ ត្រូវបានប្រគល់ដល់នគរបាលចរាចរណ៍ជើងគោកចំនួន ៤៤៧ នាក់។ ក្នុងនោះ រួមមាន អាវ មួក ស្រោម ដៃ ស័ក្កិ សំរាប់ប្រតិបត្ដិការរក្សាការពារសន្ដិសុខសណ្ដាប់ធ្នាប់សង្គម ក្នុងឱកាសនៃកិច្ចប្រជុំ កំពូលអាស៊ាន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ មីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២៕