កម្ពុជាបាញ់សាកល្បង គ្រាប់ពិតមិនមែនជាការ គំរាមកំហែងដាក់ប្រទេសជិតខាងនោះទេ
Cambodia News
ភ្នំពេញ៖ ការបាញ់សាកល្បង គ្រាប់ពិត រួមមាន កាំភ្លើងប្រភេទ BM21 ៤០កាណុង និងកាំភ្លើងធំ ១៣០មិលី្លម៉ែត្រ ដែលធ្វើឡើងដោយជោគជ័យ នៅខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២ ខែមេសា ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា មិនមែនជាការ គំរាមកំហែង និងដំឡើងសាច់ដុំ ដាក់ប្រទេសណាមួយនោះទេ។

នៅក្នុងពិធីបិទ សន្និបាតជាតិ វិស័យសកម្មភាពមីន កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការបាញ់សាកល្បង គ្រាប់ពិត កាំភ្លើងប្រតិកម្ម BM21 ប្រភេទ ៤០ កាណុង និងកាំភ្លើងធំ ១៣០ មិល្លីម៉ែត្រ មិនមែនជាការ បង្ហាញសាច់ដុំ ដើម្បីគំរាមកំហែង ប្រទេសជិតខាងណានោះទេ ពោលជាការសាកល្បងអាវុធ របស់ខ្លួនតែប៉ុណ្ណោះ។
ការបញ្ជាក់នេះ គឺដើម្បីកុំមានការរិះគន់ និងការលើកឡើង ផ្តេសផ្តាស់ ពីសំណាក់ជ្រុលនិយមថៃ មួយចំនួន ក្នុងគោលបំណង បំប៉ោងសភាពការណ៍ នាំមានការប្រឈមមុខ ដាក់គ្នារវាង ប្រទេសទាំងពីរ ។
បន្ទាប់ពីបាញ់សាកល្បង តាមរយៈសមយុទ្ធ បាញ់គ្រាប់ពិតប្រកបទៅដោយជោគជ័យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យ ក្រសួងការពារ ទៅត្រួតពិនិត្យ កន្លែងដែល គ្រាប់ធ្លាក់ ដើម្បីពិនិត្យមើលថា មានគ្រាប់ ណាខ្លះដែលអាច មិនផ្ទុះជៀសវាងប៉ះពាល់ និងបង្កគ្រោះថ្នាក់ ជាយថាហេតុ ណាមួយ កើតមានឡើងដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ នៃការបាញ់សាកល្បងខាងលើនេះ៕