ក្រុងសេអ៊ូលសន្យាតបតវិញយ៉ាងសាហាវប្រសិនបើមានការផ្គើនពីក្រុងព្យុងយ៉ាង
កូរ៉េទាំងពីរនៅតែបន្តគំរាមគ្នា ទៅវិញទៅមកឥតឈប់ឈរ។ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីកូរ៉េខាងត្បូងបានសន្យាវាយតបតយ៉ាងសាហាវទៅកូរ៉េ ខាងជើងវិញប្រសិនបើមានការផ្គើនណាមួយពីក្រុងព្យុងយ៉ាង។ កូរ៉េខាងត្បូងសំអាងមានសហ រដ្ឋអាមេរិកជាដៃគូក្នុងការប្រយុទ្ធជាមួយកូរ៉េខាងជើង។
នៅថ្ងៃចន្ទនេះ លោកស្រីប៉ាក់ គុនហេ ប្រធានាធិបតីកូរ៉េខាងត្បូងបានសន្យាវាយតបតយ៉ាងសាហាវទៅកូរ៉េ ខាងជើងវិញប្រសិនបើមានការផ្គើនណាមួយពីក្រុងព្យុងយ៉ាង។នៅក្នុង កិច្ចប្រជុំជាមួយមន្ត្រីយោធាជាន់ខ្ពស់នានា និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង នាពេលព្រឹកមិញនេះ លោកស្រី ប៉ាក់ គុនហេ បានចេញវាចាថា “ខ្ញុំគិតថាយើងត្រូវតែធ្វើការប្រយុទ្ធយ៉ាងសាហាវ និងអោយបានឆាប់រហ័សដោយមិនចាំបាច់ពិចារណាផ្នែកនយោបាយអ្វីឡើយ ប្រសិនបើកូរ៉េខាងជើងហ៊ានប្រថុយផ្គើនប្រជាជនរបស់យើង។”។
កូរ៉េខាងត្បូងសំអាងមានសហរដ្ឋអាមេរិកជាដៃគូក្នុងការប្រយុទ្ធជាមួយកូរ៉េខាងជើង។
បើយោងតាមអ្នកនាំពាក្យកងទ័ពអាមេរិក ក្រុងវ៉ាស៊ីនតោនទើបតែបានបញ្ជូនយន្តហោះប្រដេញមកកាន់កូរ៉េខាង ត្បូង កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីចូលរួមក្នុងសមយុទ្ធយោធាមួយទៀតដែលនឹងប្រព្រិត្តិទៅ រហូតដល់ចុងខែមេសានេះ។
ឧបទ្វីបកូរ៉េបានក្លាយទៅជាទីតាំងនៃការគំរាមកំហែងទៅវិញទៅមករវាង ប្រទេសកូរ៉េទាំងពីរ ចាប់តាំងពីខែធ្នូឆ្នាំ២០១២ កន្លងមក គឺចាប់ពីពេលដែលក្រុងព្យុងយ៉ាងបានសំរេចជោគជ័យក្នុងការបង្ហោះ ផ្កាយរណប ហើយពិសេសទៅទៀតគឺនៅពេលដែលមានការសាកល្បងនុយក្លេអ៊ែរជាលើកទីបី របស់កូរ៉េខាងជើង ដែលបានធ្វើអោយកូរ៉េខាងជើងទទួលទណ្ឌកម្មថ្មីៗទៀតពីសំណាក់អង្គការ សហប្រជាជាតិ។
ជាការតបតទៅនឹងសមយុទ្ធយោធាដែលក្រុងសេអ៊ូលបានធ្វើរួមគ្នាជាមួយ ក្រុងវ៉ាស៊ីនតោន ក្រុងព្យុងយ៉ាងបានប្រកាសថាលុបចោលរាល់យុទ្ធសន្តិភាព និងសន្ធិសញ្ញាផ្សេងៗទៀតដែលខ្លួនបានចុះហត្ថលេខាជាមួយក្រុងសេអ៊ូល។ ហើយនៅទីបញ្ចប់ នៅថ្ងៃសៅរ៍កន្លងមកនេះ កូរ៉េខាងជើងបានប្រកាសស្ថានភាពសង្គ្រាមជាមួយកូរ៉េខាងត្បូង។
បើគិតតាមច្បាប់អន្តរជាតិ បងប្អូនកូរ៉េទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមនៅឡើយទេ ព្រោះថា សង្គ្រាមរវាងកូរ៉េទាំងពីរក្នុងចន្លោះឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ បានបញ្ចប់ទៅតាមរយៈការចុះហត្ថលេខាលើយុទ្ធសន្តិ ភាព គឺមិនមែនតាមលើសន្ធិសញ្ញាសន្តិភាពនោះទេ។
ស្ថានភាពតានតឹងរវាងកូរ៉េទាំងពីរគឺតែងតែមានឡើងជាច្រើន ទសវត្សរ៍មកហើយ ហើយរាល់ដងគឺស្ថិតនៅក្រោមរូបភាពដដែលៗ គឺថាក្រុងព្យុងយ៉ាងជាអ្នកគំរាមកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយ ថ្ងៃ ហើយនៅទីបំផុតស្ថានភាពស្ងប់ស្ងាត់បានវិលត្រលប់មកដូចដើមវិញ។ មកដល់ដំណាក់ការនេះ អ្នកវិភាគនានាគិតថា កូរ៉េខាងជើងមិនអាចបង្កសង្គ្រាមសារជាថ្មីជាមួយកូរ៉េខាងត្បូង បានទេ ព្រោះសង្គ្រាមនេះនឹងធ្វើអោយកូរ៉េខាងជើងបរាជ័យជាក់ជាមិនខាន៕ដោយ ព្រំ សឿន សូលីណា (RFI)