ខៀវ កាញារីទ្ធ ៖ ខ្ញុំស្រឡាញ់ការងារកាសែត

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបាននិយាយថា លោកស្រឡាញ់ការងារជាអ្នកសារព័ត៌មាន ព្រោះតាមរយៈអត្ថបទព័ត៌មានបាននាំឲ្យប្រជាពលរដ្ឋយល់ដឹងច្រើនពីបញ្ហាសង្គម។
ថ្លែងប្រាប់ក្រុមនិសិត្សជំនាន់មុននិងជំនាន់ក្រោយនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី ៣០ មីនា នេះ លោក កាញារីទ្ធ បានលើកឡើងថា បើទោះជាលោកបានបញ្ចប់ការសិក្សាផ្នែកច្បាប់ក៏ដោយ ក៏នៅឆ្នាំ ១៩៧៩ លោកបានសម្រេចចិត្តជ្រើសរើសយកអាជីពជាអ្នកសារព័ត៌មាន ជាជាងអ្នកការទូត ព្រោះលោកយល់ថា ព័ត៌មានពិតជាមានតម្លៃនៅក្នុងសង្គម ហើយថា ការសរសេរព័ត៌មាននាំឲ្យខួរក្បាលរស់រវើក និងទទួលបានចំណេះដឹងកាន់តែច្រើន។
នៅក្នុងពិធីនេះ លោកក៏បានលើកឡើងដែរពីតួនាទីរបស់អ្នកនាំពាក្យ ដោយលោកបានបញ្ជាក់ថា “ក្នុងនាមជាអ្នកនាំពាក្យត្រូវតែនិយាយការពិត ហើយការពិតខ្លះមិនអាចនិយាយបានទេ ប៉ុន្តែមិនត្រូវកុហក់ឡើយ”។
លោកបានបន្តថា នៅឆ្នាំ ១៩៩២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យលោកធ្វើជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល តែលោកមានលក្ខខ័ណ្ឌថា “មិនត្រូវបង្ខំខ្ញុំឲ្យនិយាយនូវអ្វីដែលខ្ញុំមិនជឿ ហើយលោកនាយករដ្ឋមន្រ្តីក៏បានយល់ព្រមៗ”។ លោកបានបន្តថា “បើយើងមិនជឿ មិនឯកភាព និងមិនមានទំនុកចិត្តខ្លួនឯង តើយើងត្រូវពន្យល់ប្រាប់ឲ្យគេជឿយ៉ាងដូចម្តេច”។
ឆ្លើយតបទៅនឹងសំណួររបស់និសិត្សទាក់ទិននឹងវិជ្ជជីវៈរបស់អ្នកនាំពាក្យនោះ លោក កាញារីទ្ធ បានបញ្ជាក់ បើអ្នកនាំពាក្យមិនមានសមត្ថភាព អ្នកនាំពាក្យនោះត្រូវតែឈប់ពីតួនាទី។
នៅក្នុងប្រទេសកម្ពុជា ទំនងមានតែរដ្ឋមន្រ្តីក្រសួងព័ត៌មានមួយប៉ុណ្ណោះ ដែលប្រើប្រាស់ Facebook យ៉ាងសកម្ម ប៉ុន្តែលោក កាញារីទ្ធ បានបញ្ជាក់ថា លោកប្រើ Facebook ដើម្បីប្រយោជន៍ការងារ គឺចែករំលែក និងផ្តល់ព័ត៌មាន ព្រមទាំងទទួលបានមកវិញនូវព័ត៌មានផ្សេងៗ៕
