ចៅក្រមបារាំងដែលស៊ើបអង្កេតលើសំណុំរឿងលោកសាកូហ្ស៊ីទទួលការគំរាមសម្លាប់
ចៅក្រមស៊ើបអង្កេត នៃតុលាការបារាំង ដែលទទួលបន្ទុកស៊ើបអង្កេត និងបានសម្រេចចោទប្រកាន់លើរូបលោកអតីតប្រធានាធិបតីបារាំង នីកូឡា សាកូហ្ស៊ី ពីបទកេងចំណេញលើមហាសេដ្ឋីចំណាស់បារាំង បានទទួលរងនូវការគំរាមសម្លាប់។ នេះ បើតាមការប្រកាសរបស់សហជីពចៅក្រមបារាំង នៅថ្ងៃព្រហស្បតិ៍នេះ។ ក្តីក្តាំនៅតុលាការរបស់លោកសាកូហ្ស៊ី កំពុងតែធ្វើឲ្យផ្ទុះជម្លោះយ៉ាងខ្លាំង ក្លា រវាងក្រុមមនុស្សជំនិតរបស់លោកសាកូហ្ស៊ី និងចៅក្រម និងសហជីពចៅ ក្រមបារាំង។
យោងតាមសេចក្តីប្រកាសរបស់សហជីពចៅក្រមបារាំង ឈ្មោះថា Syndicat de la Magistrature ចៅក្រម ដែលទទួលបន្ទុកស៊ើបអង្កេតលើសំណុំរឿងលោកសាកូហ្ស៊ី បានទទួលលិខិតតាមប្រៃសណីយ៍ នៅថ្ងៃព្រហស្បតិ៍នេះ ដោយមានសរសេរគំរាមដល់អាយុជីវិតចៅក្រម និងដោយមានភ្ជាប់មកជាមួយនូវគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផង។
ចៅក្រមទាំង ៣រូប ដែលទទួលបន្ទុកស៊ើបអង្កេត និងចោទប្រកាន់លើរូបលោកអតីតប្រធានាធិបតីបារាំងនេះ មិនព្រមធ្វើអត្ថាធិប្បាយណាមួយទេ ទៅលើលិខិតគំរាមសម្លាប់នេះ។ ក៏ប៉ុន្តែ ប្រភពដែលស្និទ្ធនឹងចៅក្រមទាំងនេះបានឲ្យដឹងថា តុលាការបានស្នើឲ្យប៉ូលិសបើកធ្វើការស៊ើបអង្កេត ដើម្បីវែកមុខរកជន ដែលផ្ញើសំបុត្រ និងគ្រាប់កាំភ្លើងគំរាមនេះ។
គួររំឭកឡើងវិញថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ចៅក្រមស៊ើបសួរបារាំងចំនួន ៣រូប បានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ លើរូបលោក នីកូឡា សាកូហ្ស៊ី ពីបទកេងចំណេញ (ឬនិយាយតាមភាសាច្បាប់ថា រំលោភលើភាពទន់ខ្សោយ) របស់មហាសេដ្ឋីចំណាស់បារាំង ដែលជាប្រធានក្រុមហ៊ុនផលិតគ្រឿងសម្អាង L’Oréal។ ការចោទប្រកាន់នេះ ធ្វើឡើង ក្រោយពីមានការស៊ើបអង្កេតជុំវិញការសង្ស័យថា លោកសាកូហ្ស៊ី ឬក្រុមអ្នកស្និទ្ធនឹងរូបលោក បានទៅបញ្ចុះបញ្ចូលសុំលុយពីមហាសេដ្ឋីចំណាស់រូបនេះ ដើម្បីមកចាយវាយ ក្នុងយុទ្ធ នាការឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០០៧។
មហាសេដ្ឋីបារាំងរូបនេះ ត្រូវបានតុលាការបារាំងសម្រេចដាក់ឲ្យស្ថិតក្រោមអាណាព្យាបាល ទៅតាមសំណើរបស់កូន ដែលត្រូវជាអ្នកទទួលមរតក ក្រោយពីតុលាការបានធ្វើការវាយតម្លៃថា គាត់មានវ័យចាស់ជរា ហើយមិនមានសតិស្មារតី ពេញលេញ ក្នុងការចាត់ចែងទ្រព្យសម្បត្តិមហាសាលរបស់គាត់។
ការចោទប្រកាន់លើរូបលោកនីកូឡា សាកូហ្ស៊ី បានធ្វើឲ្យក្រុមមនុស្សស្និទ្ធនឹងលោកសាកូហ្ស៊ី នាំគ្នាចេញមុខវាយប្រហារយ៉ាងខ្លាំងៗបំផុត ទៅលើចៅក្រមស៊ើបអង្កេត ដែលទទួលបន្ទុកសំណុំរឿង ដោយបានចោទប្រកាន់ចៅក្រមនេះថា មានភាពលម្អៀង។ មេធាវីរបស់លោកសាកូហ្ស៊ី បានដាក់ពាក្យបណ្តឹងទៅសភាស៊ើបសួរ ដើម្បីសុំឲ្យលុបចោលការចោទប្រកាន់លើកូនក្តីរបស់លោក។
គួរបញ្ជាក់ថា នៅក្នុងក្រមព្រហ្មទណ្ឌបារាំង បទរំលោភលើភាពទន់ខ្សោយ ដែលតុលាការបានចោទប្រកាន់លើរូបលោកនីកូឡា សាកូហ្ស៊ី នេះ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់ ៣៧ម៉ឺន ៥ពាន់អឺរ៉ូ៕ដោយ សេង ឌីណា (RFI)