ជំនួបចរចាជាលើកដំបូងរវាងរដ្ឋាភិបាលថៃនិងពួកឧទ្ទាមប៉ែកខាងត្បូង
ការចរចារវាងអាជ្ញាធរថៃនិងពួក ឧទ្ទាមទាមទារចង់ផ្តាច់ទឹកដីនៅភាគខាងត្បូងមួយក្រុម នឹងប្រព្រឹត្តទៅជាលើកទីមួយ នៅថ្ងៃព្រហស្បតិ៍ស្អែកទី ២៨ មីនា ២០១៣ នៅប្រទេសម៉ាឡេស៊ី។ ជំនួបចរចាដែលរដ្ឋាភិបាលក្រុងបាងកកសង្ឃឹមថានឹងអាចបិទបញ្ចប់អំពើ ហិង្សាភេរវកម្មសម្លាប់ជនស៊ីវិលស្លូតត្រង់បានខ្លះ។
ទី កន្លែងពិតប្រាកដ និងកម្មវិធីនៃជំនួបចរចា មិនទាន់បង្ហើបឱ្យដឹងនៅឡើយមកទល់នឹងព្រឹកថ្ងៃពុធទី ២៧មីនានេះ។ ប្រទេសម៉ាឡេស៊ី ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាជាច្រើនរវាងពួក ឧទ្ទាមអ៊ីស្លាមនិងរដ្ឋាភិបាលហ្វីលីពីនរហូតបានសម្រេចកិច្ច ព្រមព្រៀងកាលពីឆ្នាំទៅ ហាក់មានភាពប្រុងប្រយ័ត្នខ្លាំងក្នុងសំណុំរឿងប្រទេសថៃនេះ ព្រោះប្រភពនៃដើមហេតុមានទីតាំងនៅជាប់ព្រំដែនខ្លួន។
អ្វីដែលគេបានដឹងនៅពេលនេះ គឺរដ្ឋាភិបាលក្រុងបាងកក នឹងធ្វើការចរចា នៅថ្ងៃស្អែក ជាមួយនឹងក្រុម “រណសិរ្សបដិវត្តជាតិ” ពួកឧទ្ទាមសកម្មតែមួយ ដោយសង្ឃឹមថានឹងអាច បិទបញ្ចប់អំពើហិង្សាវាយប្រហារសំដៅជនស៊ីវិល មានជាអាទិ៍ដោយប្រើគ្រាប់បែកច្នៃជាដើម។ ប៉ុន្តែប្រសិនបើអំពើហិង្សានៅភាគខាងត្បូងមិនចុះថយទេ ក្នុងរយៈបីខែក្រោយក្រុងបាងកកនឹងបន្តស្វែងរកចរចាជាមួយនឹងក្រុម ឧទ្ទាមផ្សេងៗទៀត។ នេះបើតាមការ អះអាងរបស់លោក ប៉ារ៉ាដន ប៉ាតាណាតាប៊ុត ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ មកកាន់ភ្នាក់ងារសារព័ត៌មានបារាំង។
ប៉ុន្តែអ្នកវិភាគ និងអ្នកឯកទេសមួយចំនួន មិនសង្ឃឹមលើការចរចានេះទេ ព្រោះគេមិនសូវស្គាល់ពួកឧទ្ទាមក្រុមនេះ ហើយម្យ៉ាងទៀតពួកអ៊ីស្លាមជ្រុលនិយមចង់ផ្តាច់ទឹកដីនៅប្រទេសថៃ មិនមែនជាពួកអ៊ីស្លាមជ្រុលនិយម ជីហាត ទេ ! គំនិតប៉ះបោររបស់ពួកអ៊ីស្លាមភាគខាងត្បូងប្រទេសថៃ គឺដើម្បីប្រឆាំងនឹងការរើសអើងពូជសាសន៍ “ជនជាតិភាគតិចម៉ាឡេ” នៅក្នុងប្រទេសដែលភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា។
ទោះជាយ៉ាងណាក្តី -ទោះដំណឹងបើកការចរចា ដែលបានប្រកាសតាំងពីខែកុម្ភៈមក មិនបានធ្វើឱ្យឧទ្ទាមបន្ថយសកម្មភាពធ្វើភេរវកម្ម ក៏ជំនួបចរចាជាលើកទីមួយនេះ ត្រូវបានរដ្ឋាភិបាលក្រុងបាងកកចាត់ទុកជាឱកាសល្អមិនធ្លាប់មាន និងការបើកផ្លូវទៅរកដំណោះស្រាយបញ្ចប់អំពើហិង្សា ដែលបានធ្វើឱ្យប្រលាក់ប្រលូសរូបភាពរដ្ឋាភិបាលមុនៗ៕ដោយ អៀង សុខម៉ិញ (RFI)