អំពើឆក់ប្លន់នៅភ្នំពេញកើតមានរាល់ថ្ងៃធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ
ភ្នំពេញ: ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ បានអះអាងថា សកម្មភាពចោរឆក់ខ្សែក ប្លន់ម៉ូតូ និងប្លន់សម្លាប់អាជីវករដូរលុយ ឬលក់មាស នាទីក្រុងភ្នំពេញ ជនល្មើសបានធ្វើសកម្មភាព ហាក់មិនកោតខ្លាចសមត្ថកិច្ចឡើយ។ អំពើឆក់ប្លន់ទាំងអស់នេះបានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះជនល្មើសធ្វើសកម្មភាពឆក់ប្លន់រាល់ថ្ងៃសមត្ថកិច្ចពុំទាន់មានលទ្ធភាពទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
លោក ជួប សម្បត្តិ ជាតំណាងពលរដ្ឋសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឲ្យដឹងថា បទល្មើសឆក់ ឬប្លន់ម៉ូតូ នៅមូលដ្ឋានរបស់លោក ជនល្មើសបានធ្វើសកម្មភាពស្ទើររាល់ថ្ងៃ ហើយមន្ត្រីប៉ូលិសមូលដ្ឋាន មិនដែលចាប់បានជនល្មើសម្ដងណាទេ។
លោក សន ជ័យ ជាមន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាននិយាយថា ទីក្រុងភ្នំពេញសព្វថ្ងៃ មានបទល្មើសឆក់ និងប្លន់សម្លាប់ មិនតិចជាង ១០ ករណីទេ។ ភាពអនាធិបតេយ្យនៃវង់ល្បែងស៊ីសង អាចជាដើមចម នាំឲ្យបទល្មើសឆក់ប្លន់កក្រើកឡើងវិញនាដើមឆ្នាំ២០១២៕