BRICS បើកជំនួបកំពូលលើកទី ៥ នៅ Durban អាហ្រ្វិកខាងត្បូង
នៅថ្ងៃអង្គារ ទី២៦ មីនា ថ្នាក់ដឹកនំានៃក្រុមប្រទេសដែលកំពុងមានសេដ្ឋកិច្ចលូតលាស់ខ្លំាង ហៅកាត់ថា Brics បានចាប់ផ្តើមជំនួបកំពូលលើកទី ៥ រយៈពេល ២ថ្ងៃនៅក្នុងទីក្រុង Durban ប្រទេសអាហ្រ្វិកខាងត្បូង។ Brics ដែលមានសមាជិក ៥ប្រទេសគឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង។ នៅក្នុងចំណោមប្រធានបទសំខាន់ៗដែល Brics ត្រូវលើកយកទៅនិយាយរួមមាន កិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្រ្វិក និងការបង្កើតធនាគារអភិវឌ្ឍន៍អន្តរជាតិមួយដាច់ដោយឡែករបស់ខ្លួន។
« កិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្រ្វិក » នេះជាប្រធានបទនៃជំនួបកំពូលលើកទី៥ នៃក្រុមប្រទេស Brics ក្នុងទីក្រុង Durban ប្រទេសអាហ្រ្វិកខាងត្បូង។ ជម្រើសអាហ្រ្វិកខាងត្បូងដែលមិនមែនជាជម្រើសមួយចៃដន្យឡើយ ព្រោះជាប្រទេសចុងក្រោយដែលទើបក្លាយជាសមាជិករបស់ Brics។ ម្យ៉ាងទៀត អាហ្រ្វិកខាងត្បូងបានដើរតួនាទីយ៉ាងសំខាន់ ជាអ្នកនំាពាក្យឲ្យទ្វីបអាហ្រ្វិកទំាងមូល។ អាហ្រ្វិក គឺជាទ្វីបមួយដែលបាននិងកំពុងទទួលឥទ្ធិពលពីក្រុមប្រទេស Brics កាន់តែខ្លំាងឡើងៗ និងដែលនៅប៉ុន្មានឆ្នំាខាងមុខ ទ្វីបអាហ្វ្រិកអាចនឹងក្លាយជាដៃគូទីមួយរបស់ក្រុមប្រទេស Brics ផ្តាច់ចេញពីដៃគូប្រពៃណីជាមួយអឺរ៉ុប អាមេរិក និងប្រទេសជប៉ុន។
តំាងពីថ្ងៃចាប់កំណើតក្នុងឆ្នំា ២០០៩ មកដល់បច្ចុប្បន្ន ក្រុមប្រទេស Brics បានព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ។ មហិច្ឆតានេះបានស្តែងឡើងតាមរយៈសក្តានុពល ៣ របស់ Brics ទីមួយ គឺធនធានមនុស្ស បើគេបូកសរុបទំាង ៥ប្រទេសបញ្ចូលគ្នា ក្រុមប្រទេស Brics បានស្រូបយកដល់ទៅ ៤៣% នៃចំនួនប្រជាជនសរុបក្នុងលោក។ ទីពីរ គឺទំហំផ្ទៃដី បើគេបូកសរុបទំាង ៥ប្រទេសបញ្ចូលគ្នា ក្រុមប្រទេស Brics បានស្រូបយកដល់ទៅ ២៥% នៃផ្ទៃក្នុងពិភពលោក និងសក្តានុពលទី៣ គឺកំណើនសេដ្ឋកិច្ច ក្រុមប្រទេស Brics បានស្រូបយកប្រមាណជា ៤០% នៃកំណើនសេដ្ឋកិច្ចពិភពលោក ហើយបើតាមការព្យាករណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ កំណើននេះនឹងអាចកើនរហូតដល់ទៅជាង ៦០% នៅក្នុងឆ្នំា ២០១៤ ខាងមុខ។
គឺនៅក្នុងបរិបទនេះហើយបានជានៅក្នុងជំនួបកំពូលលើកទី៥ របស់ខ្លួនក្នុងប្រទេសអាហ្រ្វិកខាងត្បូងពេលនេះ ក្រុមប្រទេស Brics កំពុងពិចារណាពីគម្រោងបង្កើតធនាគារអភិវឌ្ឍន៍អន្តរជាតិដាច់ដោយឡែក មួយរបស់ខ្លួន។ តាមរយៈគម្រោងនេះបានស បញ្ជាក់ឲ្យឃើញថា ក្រុមប្រទេស Brics មិនចង់បន្តពឹង ឬមួយក៏បន្តចំណុះនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត ដូចយ៉ាងធនាគារពិភពលោក ឬមួយក៏មូលនិធិរូបិយវត្ថុអន្តរជាតិដែលកំពុងដឹកនំាដោយក្រុមប្រទេស លោកខាងលិច។
តាមគម្រោង ធនាគារអភិវឌ្ឍន៍អន្តរជាតិរបស់ក្រុមប្រទេស Brics នឹងត្រូវមានមូលធនបម្រុងដំបូងចំនួន ៥០ ០០០លានដុល្លារ ដោយវិភាគទានចូលរួមរបស់សមាជិកនីមួយៗចំនួន ១០ ០០០លានដុល្លារ។ មូលធនបម្រុងនៅក្នុងធនាគារអភិវឌ្ឍន៍អន្តរជាតិនេះ គឺទុកសម្រាប់ជួយបំពេញតម្រូវការរបស់ប្រទេសសមាជិកយកទៅធ្វើការ អភិវឌ្ឍន៍ ព្រមទំាងជួយបណ្តាប្រទេសក្រីក្រផ្សេងផងដែរ។ ជារួម ធនាគារអភិវឌ្ឍន៍អន្តរជាតិរបស់ក្រុមប្រទេស Brics ចង់ដើរតួនាទីដូចជាធនាគារពិភពលោក ឬមួយក៏មូលនិធិរូបិយវត្ថុអន្តរជាតិអ៊ីចឹងដែរ៕ដោយ គួច គន្ធារ៉ា(RFI)