ដែនដី​ប្រទេស​ទាំងពីរ​កំពុង​រងគ្រោះ​នឹង​ទឺកកក​ធ្លាក់​ច្រើន​សំបើម​

ធ្លាក់ច្រើន​សំបើម បង្កើត​ជា​ស្ថានការណ៍​អាសន្ន​ទាល់តែ​អាជ្ញាធរ​អ៊ុយក្រែន​បង្ខំ ចិត្ត​ប្រកាស​ថ្ងៃ​ចន្ទ​នេះ ជា​ថ្ងៃ​ឈប់​ធ្វើការ​តែ​ម្តង។ ចំណែក​នៅ​រុស្ស៊ី ក៏ដូចជា​នៅ​អ៊ុយក្រែនដែរ រាល់តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ លើ​បញ្ហា​នេះ ឥត​រំលង​ឡើយ។ ដ្បិតតាម​ប្រតិទិន គឺ​តាំងពី​ដើម​ខែ​មិនា​នេះ​ម៉្លេះ ដែល​ត្រូវ​ចាប់​ផ្តើម​ទៅ​ហើយ រដូវ​ស្លឹកឈើ​លាស់។

ជា ​ការ​កត់​សម្គាល់​នៅ​អ៊ុយក្រែន ក៏ដូចជា​នៅ​រុស្ស៊ី ប៉ុន្មាន​ថ្ងៃ​នេះ មិនគ្រាន់​តែ​មាន​ទឹកកក​សម្លី​ធ្លាក់​ច្រើន​ហូរហៀរ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ព្យុះ​ទឹកកក អម ទៅ​ដោយ​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង នាំ​ឲ្យ​ធាតុអាកាស​កាន់តែ​ត្រជាក់​ទៅ​ទៀត។ តាម​ទិន្នន័យ​ឧត្តុនិយម គ្រាន់តែ​ក្នុង​២ថ្ងៃ​កន្លង​ទៅ បរិមាណ​ទឹកកក​ដែល​ធ្លាក់​គឺមាន​ទំហំ​ស្មើនឹង​វា​ត្រូវ​ធ្លាក់​ពេញ​១​ខែ។

ព្យុះ ​ទឹកកក​នាំឲ្យ​ស្ទះ​ចរាចរណ៍ អំពល់​ទុក្ខ​ដល់​ជីវភាព​រស់នៅ​របស់​អ្នកស្រុក លុះ​ទាល់តែ​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​តាម​ទី​ប្រជុំជន​ចំនួន​ ៦១៥​កន្លែង។ បាតុភាព​ចម្លែក​បែបនេះ​នៃ​ធម្មជាតិ​មិនដែល​កើតមាន​ទេ បើគិត​ក្នុង​១០០​ឆ្នាំ​ចុងក្រោយ​នៃ​ប្រវត្តិ​អ៊ុយក្រែន។

ក្នុង​រដ្ឋធានី Kiev របស់​អ៊ុយក្រែន ដោយ​មកពី​បញ្ហា​ដឹក​ជញ្ជូន​មាន​កើតឡើង​ជា​កង្វះ​នំប៉័ង និង​ស្បៀង​ផ្សេងៗ​ទៀត​នៅតាម​ហាង។ សូម្បី​មាន​អន្តរាគមន៍​ពីខាង​រថយន្ត​ពិសេស ដល់​ទៅ​៣.៥០០គ្រឿង និង​ក្រុមសង្គ្រោះ​មានគ្នា​ដល់​១៣.០០០នាក់ ខាងជំនះ​លើ​ទឹកកក​ក្តី ក៏​អាជ្ញាធរ​បានបង្ខំ​ចិត្ត​ពឹងពាក់​ឲ្យ​យាន យន្ត​ពិសេស​របស់​ក្រសួង​ ការពារជាតិ ជួយ​អូសទាញ​និង​សណ្តោង​ឡានណា​ដែល ជាប់​ផុង​ក្នុង​គំនរ​ទឹកកក។ ព្រឹកមិញ លោក​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន Nicolai Azarov ដែល​ប្រាថ្នា​ពិនិត្យ​មើល​ស្ថានការណ៍​ចរាចរណ៍​ដោយ​ផ្ទាល់​ភ្នែក ក៏​បាន​អាក់​ដំណើរ​ដោយ​មកពី​រថយន្ត​គាត់​ជាប់ផុង​ក្នុង​ទឹកកក។ រីឯ​តាមផ្លូវ​ចេញពី​ក្រុង Kiev ទៅ​ក្រុង Jytomyr ចម្ងាយ ១៦៥គ.ម. គ្រាន់តែ​ឡាន​ដែល​ជាប់ផុង​ស្ទះ​នៅលើ​ផ្លូវនេះ មាន​ប្រវែង​ដល់​ទៅ៧០ឝ.ម។

ព្យុះ​ទឹកកក​ដែល​បោកបក់​ពី​អ៊ុយក្រែន បាន​រាលដាល​មុន​ដំបូង​មក​លើ​ខេត្ត​ប៉ែក​ខាងត្បូង​រុស្ស៊ី បែប​យ៉ាង​ខេត្ត Koursk Voronesh Volgograd ហើយ​តាំងពី​ម្សិលមិញ​មក លុកចូល​ដល់​រដ្ឋធានី​ម៉ូស្គូ។ ដើម្បី​ជំនះ​លើ​គំនរ​ទឹកកក អាជ្ញាធរ​ក្រុង​បាន​ដាក់​ឲ្យ​ដំណើរការ​រាល់តែ​មធ្យោបាយ​ដែល​ខ្លួនមាន​ សម្រាប់​បុព្វហេតុ​នេះ គឺ​រថយន្ត​ខាងឈូស​និង​កើប​ទឹកកក ១៦.០០០គ្រឿង ក្រុម​អ្នកសម្អាត​ទីធ្លា ៣៦.០០០​នាក់ និង​ប្រមាណ​២០.០០០​នាក់​ទៀត​ខាង​សម្អាត​ចិញ្ចើម​ថ្នល់ និង​ដំបូល​អគារ​ខ្ពស់ៗ កុំឲ្យ​ទឹកកក​វា​រមៀល​ធ្លាក់​ចំ​លើ​រូបកាយ​អ្នកស្រុក​បណ្តាល​ឲ្យគេ​របួស​ ធ្ងន់ និង​ជួនកាល​ស្លាប់​តែ​ម្តង។

គិត​តាំងពី​ដើម​រដូវ​រងារ​មក នៅតំបន់​ក្រុង​ម៉ូស្គូ មាន​ទឹកកក​ធ្លាក់​កម្រាស់​ជិត​៣​ម៉ែត្រ​ទៅ​ហើយ ពោល​គឺ​២​ម៉ែត្រ៩៦សង្ទីម៉ែត្រ ឬ​សឹង​២ដង​លើស​ពី​ខ្នាត​ធម្មតា ដែល​តែ​១​ម៉ែត្រ​៥២​សង្ទីម៉ែត្រ។

ឥឡូវ​ធាតុអាកាស​នៅម៉ូស្គូ យប់​ចុះ​ដល់ ១៤​អង្សា​ក្រោម​សូន្យ ថ្ងៃ​ម្តុំ​ពី ​៥​ទៅ​៧​អង្សា​​ក្រោម​សូន្យ ឬ​១០អង្សា ទាបជាង​សម្រាប់​ចុង​ខែ​មិនា​នេះ។ តាម​ឧត្តុ និយម ត្រជាក់ជាង​ឥឡូវ​នេះ គឺ​តែ​កាល​ពី​៦០​ឆ្នាំ​មុន​ប៉ុណ្ណោះ ៖ កាលពី​ថ្ងៃ​២៥​មិនា​ ឆ្នាំ​១៩៥២ សីតុណ្ហភាព​ក្នុង​រដ្ឋធានី​រុស្ស៊ី បាន​ចុះ​ដល់​២១,៩អង្សា​ក្រោម​សូន្យ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close