កម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការបើកកិច្ចប្រជុំក្រៅផ្លូវការរបស់មេបញ្ជាការកងទ័ពអាស៊ាន
ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់កិច្ចប្រជុំក្រៅផ្លូវការរបស់អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី៩ ចាប់ពីថ្ងៃ២៨ដល់៣០មីនា ឆ្នាំ២០១២នេះ ដើម្បីពិភាក្សាអំពីការពង្រឹងសន្តិសុខ និង ការជួយអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិនៅក្នុងតំបន់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ណឹម សុវត្ថិ បានថ្លែង អះអាងថា កិច្ចប្រជុំដែលហៅកាត់ជាភាសាអង់គ្លេសថា ACDFIM នឹងមានការចូលរួមពីមេបញ្ជាការកងទ័ពនៃប្រទេសជាសមាជិករបស់អាស៊ានទាំង១០លើកលែងតែប្រទេសមីយ៉ាន់ម៉ា ដែលមានការរវល់ក្នុងការរៀបចំពិធីបុណ្យជាតិនៅប្រទេសរបស់ខ្លួន។
បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ កិច្ចប្រជុំរយៈពេលបីថ្ងៃនោះ នឹងពិភាក្សាពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់និងពិភពលោក ហើយក៏មានគោលបំណងពង្រឹងការយោគយល់គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងសន្តិសុខផងដែរ៕